(បាសេឡូណា)៖ គ្រូបង្វឹក Ernesto Valverde បានព្រមព្រៀងបន្តកិច្ចសន្យាក្នុងការដឹកនាំក្លឹបអ្នកមានបុណ្យ FC Barcelona រយៈពេល ១ឆ្នាំទៀត មុនពេលកិច្ចសន្យាចាស់នឹងផុតកំណត់នៅបំណាច់រដូវកាលនេះ។

បុរសវ័យ៥៥ឆ្នាំ សញ្ជាតិអេស្ប៉ាញ Valverde បានចូលដឹកនាំ Barcelona ចាប់តាំងពីខែឧសភា ឆ្នាំ២០១៧ ជំនួសកៅ អីគ្រូបង្វឹកចាស់ Luis Enrique។

កិច្ចសន្យាថ្មីរយៈពេល ១ឆ្នាំរបស់ Valverde នឹងផុតកំណត់ដល់ឆ្នាំ២០២១ ក្រោយពេលជួយយក្សអេស្ប៉ាញមួយនេះ ឈ្នះជើងឯកពាន La Liga និង Copa del Rey ក្នុងរដូវកាលដំបូងរបស់លោកក្នុងក្លឹបដែលស្ថិតនៅតំបន់ Catalan ខណៈបច្ចុប្បន្នបានដឹកនាំ Barcelona រកបាន ៥១ពិន្ទុនៅ La Liga នាំមុខកំពូលតារាងដល់ទៅ៦ពិន្ទុ ដោយមាន Real Madrid ឈរនៅលេខ២ មាន៤៥ពិន្ទុ។

គិតមកទល់នឹងពេលនេះ Ernesto Valverde បានដឹកនាំ FC Barcelona ចំនួន ៩៦ប្រកួត ក្នុងនោះធ្លាប់ឈ្នះ៦៥ដង ស្មើ២២ដង និងចាញ់ ៩ដង៕