(ភ្នំពេញ)៖ តាមរយៈការចូលរួម ជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា គង់ ចាន់រដ្ឋាន បានបង្ហាញពីទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹងបងប្អូនភ្លោះប្រុសពីនាក់ ដែលមានឈ្មោះថា សុភា និង សុភ័ក្ត្រ ដែលជាតារាក្នុងផលិតកម្មជាមួយគ្នា។ នាងថា បងប្អូនភ្លោះប្រុសទាំងពីរ ឃើញនាងស្របពេលតែមួយ ហើយមានចិត្តស្រឡាញ់នាងដូចគ្នា តែមូលហេតុដែល នាងសម្រេចចិត្តស្រឡាញ់ លោក សុភា ដែលជាបងប្រុស លោក សុភ័ក្ត្រ គឺដោយសារតែ មានការជំរុញ និងផ្តល់ឪកាស ពីប្អូនប្រុស សុភ័ក្ត្រ។

ម្ចាស់បទ «កុំហៅខ្ញុំថាស្រីចាស់» រូបនេះ បាននិយាយថា «បើនិយាយរួមទៅ រវាងបងប្អូនប្រុសភ្លោះទាំងពីរ ពួកគាត់ឃើញខ្ញុំស្មើរគ្នា ហើយស្រឡាញ់ខ្ញុំដូចគ្នា តែប្អូន (សុភ័ក្ត្រ) ជាអ្នកជំរុញឱ្យបង មកស្រឡាញ់ខ្ញុំ ដោយសារតែប្អូនធ្លាប់មានសង្សារពីមុនមក ហើយបងប្រុសមិនធ្លាប់មានសោះ.... ខណៈបច្ចុប្បន្នខ្ញុំ និងលោក សុភា ជាគូដណ្តឹងនឹងគ្នា ហើយចំពោះថ្ងៃរៀបការគឺមិនទាន់គិតទេ ដោយសារយើងទាំងពីរមានការរវល់នឹងការងាររៀងខ្លួន»