(អាមេរិក)៖ តារាចម្រៀង Cardi B និង Offset បានផ្សះផ្សាទំនាក់ទំនងរបស់ពួកគេឡើងវិញ ហើយជាមួយនឹងការប្រារព្ធទិវានៃក្តី ស្រឡាញ់កាលពីប៉ុន្មានថ្ងៃមុននេះ។

អំឡុងពេលគូស្នេហ៍នេះបានចូលរួមពិធីខួបកំណើត Dan Bilzerian នៅ Bel-Air ជាពេលដែល Cardi B បានបង្ហាញចិញ្ចៀនភ្ជាប់ពាក្យទំហំ ៨ការ៉ាត់ របស់នាងជាលើកដំបូង បន្ទាប់ពីត្រឡប់មកត្រូវគ្នា ឡើងវិញ។

តាមរយៈរូបភាពមួយដែលអ្នកទាំងពីរបណ្តើរគ្នា ដោយស្នាមញញឹមនៅលើកម្រាលព្រំក្រហមធ្វើឲ្យមនុស្ស ជាច្រើនសម្លឹងស្ទើរមិនដាក់ភ្នែក ដែលពេលនោះតារាចម្រៀងរ៉េបរូបនេះបានឈ្នះពានរង្វាន់ Grammy រួមជាមួយនឹង Quavo, Tyga, Swae Lee និង DJ Carnage កាលពីថ្ងៃទី១០ ខែកុម្ភៈ។

ក្រៅពីចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ Cardi B ថែមទាំងបានបង្ហាញចិញ្ចៀនភ្ជាប់ពាក្យដ៏ស្រស់ស្អាតរបស់នាង ជាមួយគូដណ្តឹងជាលើកដំបូងឲ្យគ្រប់គ្នាបានឃើញ ជាពិសេសក្នុងទិវានៃក្តីស្រឡាញ់ បញ្ជាក់ពីការត្រឡប់មកសាងភាពផ្អែមល្ហែមរបស់នាងនិង Offset ផងដែរ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី១២ ខែកុម្ភៈ តារាចម្រៀងស្រីរូបនេះបានផ្អាកសកម្មភាពរបស់នាង ជាបណ្តោះអាសន្ន បន្ទាប់ពីមានប្រតិកម្មពីអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ថា នាងមិនសមនឹងទទួលបានពានរង្វាន់ Grammy សម្រាប់អាល់ប៊ុមចម្រៀងល្អបំផុត ដែលនាងបានឈ្នះនៅក្នុងកម្មវិធីឡើយ៕