(ប៉ារីស)៖ អតីតអ្នកចាត់ការទូទៅក្លឹប Manchester United លោក Jose Mourinho បានបង្ហើបថា លោកមានបំណងចង់ចូលរួមដឹកនាំក្រុមមួយ​ក្នុងលីគកំពូលបារាំង Ligue 1 នៅថ្ងៃណាមួយ។

ការលើកឡើងបែបនេះ បន្ទាប់ពីត្រូវបានគេបានឃើញលោកមានវត្តមានអង្គុយមើលការប្រកួតរបស់ក្រុម Lille ប៉ះក្រុម Montpellier កាលពីថ្ងៃអាទិត្យ ទី១៧ ខែកុម្ពៈ ឆ្នាំ២០១៩។

ជាក់ស្តែងគ្រូបង្វឹកវ័យ ៥៦ឆ្នាំ សញ្ជាតិព័រទុយហ្គាល់រូបនេះបានស្ថិតនៅកីឡដ្ឋាន Stade Pierre Mauroy ក្រោយពេលលោកត្រូវបានក្រុមអង់គ្លេស Man Utd បណ្តេញចេញកាលពីឆ្នាំ២០១៨ ហើយបច្ចុប្បន្នលោក Mourinho នៅមិនទាន់មានការងារជាគ្រូបង្វឹកក្រុមណាមួយនៅឡើយទេ ខណៈពីពេលមុន ធ្លាប់មានការលើឡើងថា មានការទំនាក់ទំនងពីក្រុម Paris Saint-Germain ម្តងរួចមកហើយ ក៏ស្ងាត់ទៅវិញ។

គួរបញ្ជាក់ផងថា លោក Jose Mourinho ជាគ្រូបង្វឹកដែលមានបទពិសោធន៍ច្រើន ក្នុងក្លឹបធំៗនៅ ៤ប្រទេសផ្សេងគ្នាទាំងនៅព័រទុយហ្គាល់ អ៊ីតាលី អង់គ្លេស និងអេស្ប៉ាញ ដែលបានជួយក្រុមទាំងនោះលើកពានប្រចាំលីគនៃប្រទេសនីមួយៗបានផងដែរ។ លោកបាននិយាយថា លោកនឹងព្យាយាមរកឱកាលល្អណាមួយ នឹងត្រឡបមកកាន់ភារកិច្ចជាអ្នកដឹកនាំលើទីលានវិញថ្ងៃណាមួយ៕