(ឥណ្ឌា)៖ នៅថ្ងៃនេះ ព័ត៌មានរបស់តារា K-Pop ដ៏ល្បី Suho ត្រូវបានចេញផ្សាយនៅលើទំព័រកាសែតទាំងអស់ក្នុងប្រទេសឥណ្ឌា។ វាហាក់បីដូចជា Suho កំពុងត្រូវបានគេចង់ដឹងពីអាថ៌កំបាំងរបស់លោក សម្រាប់មនុស្សគ្រប់គ្នារួមទាំងកូនស្រី របស់តារាភាពយន្តបូលីវូតល្បីឈ្មោះ Shah Rukh Khan ផងដែរ។

នាងគឺ Suhana Khan ថ្មីៗនេះ នាងបានបង្ហោះសារនៅលើ Instagram ជជែកលេងជាមួយមិត្តភក្តិ និងអ្នកគាំទ្ររបស់នាង។ នៅក្នុងការសន្ទនានោះ នាងត្រូវបានមិត្តភក្តិសុំឲ្យបង្ហាញ ថាតើតារាសម្តែងណាម្នាក់ ដែលនាងចង់ណាត់ជួប? ស្រាប់តែ Suhana Khan បង្ហោះរូបថតរបស់ Suho សមាជិកក្រុម EXO ពីអាល់ប៊ុម «Love Shot» ហើយនិយាយថា «Him»។ តាមរូបភាពនិងអត្ថន័យនេះបញ្ជាក់ថា Suhana Khan សារភាពថា នាងចង់ណាត់ជួប​តារាប្រុស EXO Suho។

បន្ទាប់មកដំណឹងនេះត្រូវបានសារព័ត៌មានឥណ្ឌា ផ្សព្វផ្សាយតៗគ្នាយ៉ាងឆាប់រហ័ស មិនថាកាសែត សូម្បីតែនៅលើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសក៏ផ្សាយពី Suho ផងដែរ៕