(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ត្រូវការតែ ៣ពិន្ទុទៀតតែប៉ុណ្ណោះពីក្រុម U22 មីយ៉ាន់ម៉ា ដើម្បីឈ្នះកៅអី១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អាស៊ាន AFF U22 Championship 2019 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

U22 កម្ពុជានឹងត្រូវប្រកួតទី២ ប៉ះ U22 មីយ៉ាន់ម៉ា នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិក្នុងវគ្គសន្សំពិន្ទុនៃពូល B ដោយទើបរកបាន ៣ពិន្ទុកាលថ្ងៃបើកឆាកពេលយកឈ្នះ U22 ម៉ាឡេស៊ី ១-០ ដែលឈរនៅកំពូលបណ្តោះអាសន្នផងដែរ ដ្បិតមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី មាន១ពិន្ទុដូចគ្នា បន្ទាប់ពីលេងស្មើគ្នា ១-១។

ប្រសិនបើអាចយកឈ្នះមីយ៉ាន់ម៉ាពិតមែន កម្ពុជានឹងមាន ៦ពិន្ទុបន្តឈរនៅកំពូលតារាងនៃពូល B ដដែល និងត្រូវប្រ កួតបង្រ្គប់កិច្ចប៉ុណ្ណោះ ពេលជួបឥណ្ឌូនេស៊ីនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងលក្ខខណ្ឌដែលត្រូវយកតែ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេល U22 វៀតណាម និងថៃ បានកំពុងតែឈរនៅ កំពូលតារាងនៃពូល A បណ្តោះអាសន្នដោយមាន ៦ពិន្ទុស្មើគ្នា៕