(ភ្នំពេញ)៖ ទស្សនិកជនសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ព្រមទាំងកោតសរសើរនូវស្នាដៃចម្រៀងថ្មី របស់តារាស្រីចំនួន ០៥ រូបគឺកញ្ញា វី ឌីណែត, ឈិន ម៉ានិច្ច, ប៉ាច គីមមួយ, រ៉េត ស៊ូហ្សាណា និង ឈីន រតនៈ ដែលអ្នកទាំងប្រាំបានចាប់ដៃគ្នា បកស្រាយនូវចម្រៀងមួយបទ ដែលមានចំណងជើងថា «គ្រាប់ភ្លៀង» បានយ៉ាងពិរោះ និងទាក់ទាញ។ អ្វីដែលពិសេស ជាមួយនឹងស្នាដៃថ្មីមួយនេះ គឺពិតជាប្លែងអារម្មណ៍ ទាំងចង្វាក់ភ្លេង និងទំនុងច្រៀង ពោលគឺឆក់យកបេះដួងទស្សនិកជនយ៉ាងច្រើនតែម្តង។

តាមរយៈបទចម្រៀង «គ្រាប់ភ្លៀង» ថ្មីមួយនេះ​ ត្រូវបានទស្សនិកជនសង្កេតឃើញថា មិនត្រឹមតែមានអត្ថន័យល្អនោះទេ ថែមទាំងមានការបង្ហាញនូវឧបករណ៍ភ្លេងបុរាណខ្មែរ និងស្លៀកនូវសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន សុភាពរាបសារ ទឹកមុខញញឹម សមជានារីខ្មែរ ពីសំណាក់តារាស្រីវ័យក្មេងស្អាតៗ ទាំងប្រាំខាងលើផងដែរ។ តារាស្រីទាំងប្រាំ សុទ្ធតែបង្ហើរសំនៀង ដ៏មានទឹកដម ពិរោះមួយបែបម្នាក់ ដើម្បីធ្វើឱ្យបទចម្រៀងមួយបទនេះ ពិសេស និងល្អឥតខ្ចោះ សម្រាប់កំដរអារម្មណ៍ទស្សនិកជន។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលមហាជនបានឃើញតារាស្រីវ័យទាំង០៥ដួងនេះ ចាប់ដៃគូចេញចម្រៀងរួមគ្នាបែបនេះ។ ដូច្នេះ ចង់ដឹងថាបទនេះពិរោះ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះ៖