(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា បានបង្កើតកំណត់ត្រាថ្មីមួយ បន្ទាប់ពីផ្ដួលគូប្រជែង ២ប្រកួតផ្ទួនៗ ដើម្បីកក់កៅអីវគ្គពាក់កណ្ដាផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 Championship 2019។ តែក្រោយភាពជោគជ័យរបស់ក្រុម U22 កម្ពុជាពេលនេះ គឺមានរឿងគួរឲ្យចាប់អារម្មណ៍មួយទៀត គឺគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Felix Dalmas ដែលសុខចិត្តដឹកនាំកូនក្រុមទាំងឈឺចាប់ ព្រោះចង់ឃើញក្រុម U22 កម្ពុជាជោគជ័យលើឆាកអន្ដរជាតិ។

លោក Felix បានថ្លែងក្រោយដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា លត់ក្រុម U22 មីយ៉ាន់ម៉ា ២-០ កាលពីយប់មិញថា លោកបានបដិសេធការស្នើសុំវះកាត់កែងជើងពីសំណាក់គ្រូពេទ្យ ដែលរងរបួសអំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ កាលពីដើមខែកុម្ភៈ ព្រោះលោកចង់ដឹកនាំក្រុម U22 កម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ។ ដូច្នេះហើយទើបលោកសម្រេចចិត្តដឹកនាំទាំងរបួសមានការឈឺចាប់ ដ្បិតរបួសដាច់សរសៃរកែងជើងរបស់លោក ត្រូវសម្រាកព្យាបាលយ៉ាងតិច ៦ខែ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថា «របួសរបស់ ខ្ញុំពិតជាបង្កឲ្យមានការឈឺចាប់ ចំពោះខ្លួនខ្ញុំ ប៉ុន្ដែខ្ញុំសម្រេចចិត្តមិនធ្វើការវះកាត់ដោយសារ តែខ្ញុំចង់ដឹកនាំក្រុមនៅក្នុងការប្រកួតពានរង្វាន់ AFF U22។ ប្រសិនបើខ្ញុំធ្វើការវះកាត់ ខ្ញុំនឹងត្រូវសម្រាករយៈពេលយូរហើយ មិនអាចមកដឹកនាំក្រុមបាននោះទេ។ នៅក្នុងជីវិតតែងតែមានឧបសគ្គ ដែលទាមទារនូវការពុះពារ ដូច្នេះខ្ញុំមិនឲ្យរបួសរបស់ខ្ញុំរារាំងអ្វី ដែលខ្ញុំត្រូវធ្វើពេលនេះឡើយ»

យ៉ាងណាមិញ ការលះបង់មួយនេះ បាននឹងកំពុងលេចចេញជាផ្លែផ្កាបណ្ដើរៗហើយ បន្ទាប់ពីក្រុម U22 ឆ្លងកាត់ ២ប្រកួតរកបាន ៦ពិន្ទុ ដើម្បីបន្ដឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U22 Championship ទោះបីនៅសល់ ១ប្រកួតក្នុងដៃក្ដី ក្រោយយកឈ្នះក្រុម U22 ម៉ាឡេស៊ី ១-០ និងឈ្នះក្រុម U22 មីយ៉ាន់ម៉ា ២-០ កាលពីយប់មិញ នៅលើទីលានពហុកីឡដ្ឋានជាតិ៕