(ប៉ារីស)៖ ក្លឹបបាល់ទាត់ Nantes របស់បារាំងពេលនេះត្រូវបានសហព័ន្ធបាល់ទាត់បារាំង ដាក់ពិន័យជាទឹកប្រាក់ប្រមាណ ១៦៥០០អឺរ៉ូ បន្ទាប់ពីអ្នកគាំទ្រក្រុមបានដុតភ្លើង បណ្តាលឲ្យមានហុយផ្សែងពេញកីឡដ្ឋាន Stade de la Beaujoire ក្នុងការឧទ្ទិសដល់អតីតខ្សែប្រយុទ្ធ Emiliano Sala ដែលបានទទួលមរណភាពកាលពីខែមុន។

អ្នកគាំទ្រក្លឹបនៅលីគកំពូលបារាំងជាច្រើនបានដុតភ្លើងអមជាមួយ និងការលើកបដាររូបកីឡាករសញ្ជាតិអាហ្សង់ទីន Sala ពេលនេះក្លឹប Nantes ត្រូវបានរងពិន័យប្រមាណ ១៦៥០០អឺរ៉ូពីសហព័ន្ធបាល់ទាត់បារាំង។

គួរបញ្ជាក់ផងថា Emiliano Sala បានបង្ហាញខ្លួន ១៣៣ប្រកួត ដោយរកបាន ៤៨គ្រាប់ឲ្យក្លឹប Nantes មុនពេលទទួលមរណភាពក្នុងវ័យ ២៨ឆ្នាំ ដែលរូបគេសម្រេចផ្ទេរទៅកាន់ក្លឹបលីគកំពូលអង់គ្លេស Cardiff City ហើយបាន ស្លាប់នៅក្នុងយន្ដហោះដែលបានធ្លាក់នៅតំបន់ English Channel កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩៕