(កូរ៉េ)៖ ភ្នាក់ងាររបស់ Tiffany Young អតីតតារាចម្រៀង Girls' Generation បាននិយាយថា តារាស្រីរូបនេះបានចេញ​ផ្សាយអាល់ប៊ុមថ្មីលើកដំបូងរបស់នាង «Lips on Lips» ហើយនៅថ្ងៃនេះ។

អាល់ប៊ុមថ្មីដែលជាតន្ត្រីអាមេរិកនេះមានចម្រៀងចំនួន ៥បទ ក្នុងនោះបទ «Born Again» ទទួលបានការគាំទ្រយ៉ាងខ្លាំង។ មុនពេលចេញផ្សាយ​អាល់ប៊ុមជាភាសាកូរ៉េ Tiffany Young នឹងបង្ហាញខ្លួនជាថ្មីតាមរយៈ V Live ដើម្បីជួបនិងជជែកកម្សាន្តជាមួយអ្នកគាំទ្រអំពីតន្ត្រីថ្មីនេះផងដែរ បន្ទាប់ពីនាងចាកចេញពី SM Entertainment នៅឆ្នាំ២០១៧ ដោយបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីចាប់ផ្ដើមអាជីពនិងបន្តការសិក្សានៅទីនោះ។

ចាប់តាំងពីចេញផ្សាយបទចម្រៀងឌីជីថល «Over My Skin» កាលពីឆ្នាំមុន Tiffany បានធ្វើដំណើរទៅប្រទេសថៃ តៃវ៉ាន់ និងហុងកុង ដើម្បី​ជួបជាមួយអ្នកគាំទ្រផងដែរ ហើយចុងក្រោយនេះនាងកំពុងផ្តោតសំខាន់លើតន្ត្រីនៅអាមេរិកខាងជើង។ នៅអំឡុងខែមីនាខាងមុខ Tiffany នឹងធ្វើដំណើរទៅកាន់ ទីក្រុង Toronto, New York, Chicago, Minneapolis, Seattle, Vancouver, San Francisco និង Los Angeles ដើម្បីចូលរួមការប្រគំតន្រី្តនៅទីនោះ។

ថ្មីៗនេះ Tiffany ក៏ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ iHeartRadio Music Awards 2019 ក្នុងនាមតារាចម្រៀងសូឡូស្រីដ៏ឆ្នើមម្នាក់ ហើយលទ្ធផលចុងក្រោយនឹងប្រកាសនៅថ្ងៃទី១៤ ខែមីនា៕