(ភ្នំពេញ)៖ គេសង្កេតឃើញថា មុនពេលនាំកូនប្រុសទាំងបីចេញសម្ដែង នៅលើទឹកដីមហាសេដ្ឋកិច្ចសំបូរដុល្លារ នៃសហរដ្ឋអាមេរិក កំពូលតារាចម្រៀង ព្រាប សុវត្ថិ រយៈពេលប៉ុន្មានថ្ងៃមកនេះ ហាក់កំពុងតែសស្រាក់សស្រាំ ក្នុងកើបចំណូលតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា ​មានដូចជាខេត្ត ប៉ៃលិន បាត់ដំបង កំពត និងខេត្តផ្សេងៗ​មួយចំនួនទៀត។ ជាក់ស្ដែង​នាយប់ថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៩នេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបន្តទៅកើបប្រាក់នៅក្នុងខេត្តកំពត ដែលត្រូវបានគេដឹងថា លោកត្រូវ​បានអញ្ជើញឲ្យច្រៀងក្នុងកម្មវិធី បើកសម្ពោធរបស់គម្រោងលក់ដីចំការ «ឋានព្រះឥន្ទ» ហើយបើនិយាយពីតម្លៃខ្លួនវិញ គឺលោកច្រៀងតែ៤បទប៉ុណ្ណោះ ស៊ីថ្លៃ៤ពាន់ដុល្លារ យ៉ារំភើយ។

ជាការពិត ក្នុងចំណោមពិធីសម្ពោធទ្រង់ទ្រាយធំ របស់គម្រោង «ឋានព្រះឥន្ទ» ទាំងអស់ដែលបានធ្វើឡើង គេកត់សម្គាល់ឃើញថា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ បង្ហាញមុខឡើងច្រៀង រហូតដល់ទៅ៣ដងជាប់ៗគ្នា ស្របគ្នាដែលគេដឹងលោកត្រូវចេញទៅអាមេរិក រយៈពេលមួយខែកន្លះ ជាមួយកូនប្រុស នៅថ្ងៃទី២១ មីនានេះទៅហើយ។ ទស្សនិកជននិយាយថា លោកពិតជាមានប្រជាប្រិយភាពមិនធម្មតាមែន ទើបអាចកើបលុយពីកម្មវិធីសម្ពោធលក់ចម្ការបង់រំលោះ «ឋានព្រះឥន្ទ» ជាលើកទី៤ទៀត ខណៈដែលតម្លៃច្រៀង​ ត្រូវគេបង្ហើបថាត្រឹមតែ៤បទ ឬមួយកម្មវិធីខេត្ត ទារបានដល់៤ពាន់ដុល្លារឯណោះ។

​កំពូលតារាចម្រៀង ព្រាប សុវត្ថិ បាននិយាយថា ទាន់ឱកាសលោកកលុយបាន លោកមិនសម្រាកនោះទេ បើទោះជាលោកត្រូវចេញសម្ដែង នៅអាមេរិកនៅថ្ងៃ២១ មីនា ដែលគួរតែលោកផ្អាក ទទួលកម្មវិធីដើម្បីថែបំប៉នសុខភាព។ យ៉ាងណាមិញ​ ក្រៅពីចង់បាន​លុយ ក៏ដោយសារតែហេតុផលផ្សេងៗ តែលោកយល់ថាគម្រោង «ឋានព្រះឥន្ទ» ជាគម្រោងល្អមួយ ដែលលោកគួរតែរួមចំណែកមកជួយបំផុស​ ទើបទោះជាលោកស្ថិតក្នុង​ ​ដំណាក់កាលជិតចេញ​ទៅអាមេរិក​ ក៏នៅតែទទួលច្រៀង​មិនខ្វល់ជិតឆ្ងាយ។

ម្ចាស់បទ «សង្សារមួយខែពីរខែ» រូបនេះ បានបន្តថា ខ្លួនច្រៀងឲ្យកម្មវិធីនេះ ជាលើកទី៤ហើយ បន្ទាប់ពីគម្រោងបើកនៅ ប៉ោយប៉ែត ខេត្តប៉ៃលិន និងបាត់ដំ​បង។​ លោកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនហង្សម្ចាស់ដី ដែលវិនោយោគលើការប្រមូលទិញដីស្រែ និងដីទំនេររបស់​ពលរដ្ឋ ដោយបានរៀបចំក្រុមការងារ ឲ្យ​ដាំដុះជាចម្ការធុរ៉េន ចម្ការដូងក្រអូប និងជាចម្ការប៊័រ ហើយពុះជាហិកតារៗលក់បង់រំលោះជូនពលរដ្ឋ។ លោកកាន់តែចាប់អារម្មណ៍ ចំពោះគម្រោងពុះលក់ចម្ការធុរ៉េន នៅខេត្តកំពត កាលពីថ្ងៃទី១៤ ខែមីនា ដោយលោកប្រកាសថា នោះជាការវិនិយោគដ៏ល្អមួយ ដែលពលរដ្ឋ គួរតែរួមចំណែក ដើម្បីជាប្រយោជន៍ សម្រាប់គ្រួសារខ្លួនផង និងសម្រាប់សង្គមផង។

លោកប្រកាស​ថា បងប្អូននៅគិតអ្វីទៀត បើចម្ការក៏ត្រូវបានទិញក្នុងតម្លៃបង់រំលោះ ហើយថែមទាំងមានក្រុមហ៊ុនជាអ្នករ៉ាប់រងមើលថែ ដំណាំចម្ការឲ្យពេញ៦ឆ្នាំ ហើយរង់ចាំតែទទួល ហើយមិនភ័យរឿងដាំដំណាំដោយខ្លួននោះ។ នៅប្រទេសជិតខាង លោកថាវិស័យកសិកម្មរបស់គេមានការរីកចំរើនយ៉ាងខ្លាំង ដែលសន្ទុះគួរអោយសរសើរនោះ មិនអាចខ្វះបាននោះទេពីការវិនិយោគ ឬ​ចូលរួមពីពលរដ្ឋ។ ​គ្មានអ្វីដែលមានសង្ឃឹមជាងមានផ្ទះមានដី និងមានចម្ការទុកគ្រាន់ដាំយកផលលក់ ឬទៅកម្សាន្តនោះទេ ជាពិសេសចំពោះអ្នកទិញចម្ការ ក្នុងគម្រោងឋានព្រះឥន្ទ របស់ក្រុមហង្សម្ចាស់ដី ដែលលក់បែបបង់រំលោះ ហើយមានអ្នកមើលថែដំណាំឲ្យបែបនេះ។

សូមបញ្ជាក់ថា តារាចម្រៀងលោក ព្រាប សុវត្ថិ ​និងកូនប្រុសទាំង៣របស់លោក គឺមានដូចជា សុវត្ថិ មុន្នីនាគ, សុវត្ថិ ​មុន្នីវណ្ណ និងសុវត្ថិ ​សិរីវុឌ្ឍ នឹងត្រូវចេញទៅសម្ដែង​ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ តាមការអញ្ជើញ​របស់អតីតតារាចម្រៀង លោក ហង្ស ឈា ដើម្បីឲ្យបងប្អូនខ្មែរ ដែលរស់នៅទីនោះ បានសប្បាយរីករាយ ប្លែកអារម្មណ៍ពីសំណាក់តារាចម្រៀង របស់កម្ពុជាផងដែរ៕