(ភ្នំពេញ)៖ ខ្សែភាពយន្តភាគ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដែលជាសមិទ្ធិផលទូរទស្សន៍ PNN សម្រិតសម្រាងជាស្នាដៃធំប្រចាំឆ្នាំ២០១៩ របស់ខ្លួននោះ ត្រូវបានធ្វើពិធីសម្ពោធប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ។នេះគឺជាការឆ្លើយតបទៅនឹងសេចក្តីទន្ទឹងរង់ចាំ ជាយូណាស់មកហើយរបស់អ្នកគាំទ្រ។

ពិធីសម្ពោធប្រកាសចាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្តភាគខ្មែរដ៏ធំប្រចាំឆ្នាំ២០១៩រឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ របស់ស្ថានីយ៍ទូរទស្សន៍PNNនេះបានធ្វើឡើងនៅរោងភាពយន្តMajor Cineplex ផ្សាទំនើបអ៊ីអន១ ដោយមានការចូលរួមពីសំណាក់តារាសម្តែងប្រុស-ស្រីល្បីៗជាច្រើនរូបផងដែរ។

បើតាមការឲ្យដឹងពីកញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយនៃស្ថានីយ៍ទូរទស្សន៍ PNN បានថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះថា នេះជារឿងភាគដំបូងដែលចំណាយពេលផលិតជាង ១ឆ្នាំមកហើយ និងបានកម្លាយចេញពីប្រលោមលោកដ៏មានប្រជាប្រិយភាពមួយ។ម្យ៉ាងទៀតអ្នកគាំទ្ររបស់រឿងនេះអន្ទះសារចង់ឃើញរូបភាពពិតលើទូរទស្សន៍ ចំណែកខាង PNN ចង់ផលិតឲ្យភាពយន្តនេះប្រកបដោយគុណភាព និងកាន់តែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

កញ្ញា ទូច បុប្ផា បានបញ្ជាក់ទៀតថា ខ្សែភាពយន្តរឿងនេះបានឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនាមិត្តភាពយូរអង្វែង ការភ័ន្តច្រឡំដោយអស្មិមានៈ និង​តម្លៃនៃគុណធម៌ឈរពីលើប្រយោជន៍។រឿងនេះមានលំដាប់សាច់រឿងល្អ ដោយសារមានបញ្ចូលនូវឈុតឆាកកន្ត្រាក់អារម្មណ៍ ព្រមទាំងរំភើបផ្អែមល្ហែមនិងមានអ្នកគាំទ្រទូទាំងប្រទេស។

ភាគយន្តភាគខ្មែររឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាភាពយន្តដែលមានការចូករួមសម្តែងពីសំណាក់តារាប្រុស-ស្រីល្បីៗជាច្រើនដូចជា៖ លោក លឹម ជាឡាយ, លោក ប៊ឺរី, កញ្ញា ពុធ ស្រីខួច, កញ្ញា សាឡាត់ ស្រីឡាង, លោក ចាន់ រាសី, កញ្ញា ឈិន ស៊ាវម៉ី, លោក រតនៈ វិសិដ្ឋ, នូ ឧសភា, ង៉ែត លីតា, ទេព មនោរម្យ, លឹម តិចម៉ុង, ជាង សំណាង, ពិន ណារិន, ហង្ស អច្ឆរិយា ព្រមទាំងតារាប្រុស-ស្រីល្បីៗជាច្រើនដួងទៀតផង។

ដោយឡែកបើតាមការលើកឡើងបន្ថែមពីលោកសុខសាធិត សាក់រ៉ាយុត នាយកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ PNN បានប្រាប់​អ្នកសារព័ត៌មានឲ្យដឹងដែរថា PNN មានទស្សនវិស័យរយៈពេលវែង និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមជាមួយរដ្ឋាភិបាលនិងស្ថាប័នជំនាញ សិល្បករ-សិល្បការិនីខ្មែរ ដើម្បីជម្រុញកម្រិតបទដ្ឋានរឿងភាគក្នុងស្រុក ឲ្យឈានទៅដល់អ្វី ដែលជាទីផ្សារកំពុងទទួចចង់ពីទស្សនិកជនអ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន់។ សូមបញ្ជាក់ថា រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» នឹងត្រូវចាក់​បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នាវេលាម៉ោង ១៩ និង៥០នាទីរវាងពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ៕