(ភ្នំពេញ)៖ ការប្រកួតជ្រើសរើសជើងឯក KMH Champion League ក្នុងពូល C នាថ្ងៃទី១៤ ខែមីនា ក្រុមតារាបាល់ទាត់មហាហង្សយកបាន៣ពិន្ទុទៀតហើយ បន្ទាប់ពីប្រកួត ៣លើកកន្លងមក ឈ្នះ២ និងចាញ់១។ ការរួមចំណែកពីតារា ២រូបមិនអាចខ្វះបានគឺ តារាចម្រៀងកូម៉ា និង តារាសម្ដែង លោក សេង នរៈមង្គល ដើម្បីឡើងទៅវគ្គ១៦ក្រុម ទោះនៅសល់១ប្រកួតទៀតក៏ដោយ។

ក្រោយទទួលបានជ័យជម្នះនេះ ប្រធានក្រុម អ៊ិន សុភិន បាននិយាយថា វាជាលើកទី១ហើយ ដែលក្រុមតារាមហាហង្សរបស់លោក ដែលប្រមូលផ្ដុំសុទ្ធតែតារាសិល្បៈជាកីឡាករ បានចូលប្រកួតក្នុងលីគ ហើយបានឡើងទៅកាន់វគ្គ១៦ក្រុមបែបនេះ។

លោកថា បើការប្រកួតជម្រុះក្នុងពូលលើកចុងក្រោយ ទទួលបានជម្នះទៀត នោះនឹងបានឈរលេខ១ ក្នុងពូល C តែម្តង តែបើទោះជាចាញ់ក៏បានឡើងទៅកាន់វគ្គ១៦ក្រុមដែរ ដោយគ្រាន់តែបានត្រឹមឈរលេខ២ ក្នុងពូល។ យ៉ាងណាមិញ លោកថា នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីប្រឹងយកលំដាប់លេខ១ ក្នុងពូល ដើម្បីគេចក្រុមខ្លាំងមួយផ្សេងទៀត ដែលគ្រោងនឹងត្រូវប៉ះគ្នាក្នុងវគ្គខ្វែង។

លោក អ៊ិន សុភិន បានលើកឡើងពីជ័យជម្នះនាថ្ងៃទី១៤ ខែមីនាដោយក្រុមរបស់លោកបានយកឈ្នះលើក្រុមអាណាចក្របៃតង ក្នុងលទ្ធផល ២ទល់១ បន្ទាប់ពីក្រុមគូប្រកួតរកបាន ១គ្រាប់មុន។ តារាសម្ដែង សេង នរមង្គល ដែលមានឈ្មោះកំណើតថា ហូ ប៉ូសេង រកបាន១គ្រាប់ មុនពេលសមាជិករកបាន ១គ្រាប់ទៀតនោះ។

យ៉ាងណាមិញលោកចាត់ទុកជ័យជម្នះរបស់ក្រុមមហាហង្ស ដែលអាចឡើងទៅកាន់វគ្គ១៦ក្រុមនេះ គឺបានកើតឡើងដោយសារការរួមចំណែករបស់តារា២ដួង នោះគឺ តារាចម្រៀង លោក កូម៉ា ដែលជាអ្នកបោះបាល់ឲ្យយ៉ាងល្អដល់ក្រុមអ្នកស៊ុតចូល និងតារាសម្ដែងលោក សេង នរមង្គលតែម្ដង ទើបអាចឲ្យក្រុមមហាហង្សរកបាន ៣ពិន្ទុ ហើយបានឡើងទៅវគ្គ១៦ក្រុម។

លោកថា ក្នុងការប្រកួតបន្តបន្ទាប់តារាសិល្បៈច្រើនឡើងនឹងបង្ហាញខ្លួនចូលលោក ដោយលោកមិនទាន់រំពឹងថា នឹងឈ្នះក្នុងវគ្គឆ្លងពូលនោះទេ តែនឹងប្រឹងឲ្យអស់ពីលទ្ធភាព៕