(ភ្នំពេញ)៖ សម្រាប់កាលវិភាគនៃការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៩ នឹងចាប់ផ្តើមចុងសប្តាហ៍នេះហើយ ដោយ ក្រុមបាល់ទាត់បឹងកេត នឹងត្រូវប្រឈមមុខជាមួយក្រុមបាល់ទាត់ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN វេលាម៉ោង ៦៖០០នាទីល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

អ្វីដែលសំខាន់ផងនោះ ការប្រកួតដ៏សំខាន់ និងដំបូងបំផុតប្រចាំរដូវកាលថ្មីនេះ កីឡាករចំណូលថ្មី ២រូប ដែលធ្លាប់រួម រស់ជាមួយភ្នំពេញក្រោន បានបង្ហាញអារម្មណ៍ និងការតាំងចិត្តរៀងៗខ្លួនថាអ្នកចាំទី យូ អាឡិចសង់ ដែលទើបចូលរួមជាមួយពួកយើង ក៏បានបង្ហាញពីការតាំងចិត្តចំពោះការប្រកួតទល់នឹងក្រុមចាស់ ដែលខ្លួនធ្លាប់រួមរស់នៅរដូវកាល ២០១៨ កន្លងមកផងដែរ ថា «ខ្ញុំគិតថា វានឹងជាប្រកួតដ៏ធំមួយ។ គ្រប់គ្នាបានដឹងពីសមត្ថភាពគូរប្រជែងទាំងពីរនេះ កាលពីរដូវកាលមុន បឹងកេតបានបាត់បង់ឱកាសឈ្នះជើងឯក ដោយសារចំណុចខ្វះខាតមួយចំនួន តែឆ្នាំនេះ ជាមួយទំនុកចិត្តខ្ពស់ពីប្រធានក្លិប គឺពួកយើងនឹងប្រាកដចិត្តទាំងកីឡាករ ក្រុមការងារ និងអ្នកគាំទ្រ»

អាឡិច បានបន្ថែមទៀតថា ឆ្នាំមុនខ្ញុំគ្រងឯកសណ្ឋានរបស់ភ្នំពេញក្រោន តែឆ្នាំនេះវិញ បឹងកេតជាជម្រើសរបស់ខ្ញុំ ហើយនឹងមិនមានការយោគយល់នោះឡើយ គឹខ្ញុំត្រូវការឈ្នះ ទោះជាមានឱកាសបង្ហាញខ្លួនឬអត់ តែខ្ញុំបានត្រៀមខ្លួនរួចរាល់ ២០០ភាគរយ»។

ងាកទៅកាន់ ស្រាំង ទិត្យឈី «ការសម្របខ្លួនរបស់ខ្ញុំនៅទីនេះគឺល្អប្រសើរច្រើន ហើយបើសិនខ្ញុំមានឱកាសបង្ហាញខ្លួន ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ជួយក្រុមឱ្យទទួលបានជ័យជម្នះ ព្រោះ ៣ពិន្ទុដំបូងគឹសំខាន់សម្រាប់យើង ដើម្បីជំរុញទឹកចិត្តឱ្យយើងខំប្រឹងបន្តទៀត»។ ទិត្យឈី បានបញ្ជាក់ថា អំពីការប្រឈមមុខនឹងក្រុមចាស់ដែលខ្លួនធ្លាប់រួមរស់រយៈពេលជាង ៧ឆ្នាំមកហើយនោះ។ សម្រាប់ខ្ញុំ គឺមានមនោសញ្ចេតនាជាមួយក្រុមចាស់ ប៉ុន្តែនៅក្នុងបាល់ទាត់ លើទីលានគឺគ្មានមនោសញ្ចេតនាទេ គឺ១០០ភាគរយ ចង់ឈ្នះចង់ចាញ់ដូចគ្នា៕