(ក្រុងឡុងដ៍)៖ អតីតកីឡាករវាយកូនបាល់ដ៏ល្បីក្នុងព្រឹត្តិការណ៍ Davis Cup លោក Paul Hutchins បានទទួលមរណ ភាពនារាត្រីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ក្នុងវ័យ ៧៣ឆ្នាំ ដោយសារជំងឺសរសៃប្រសាទរ៉ាំរ៉ៃ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កាលនៅជាកីឡាករ លោក Paul ជាប្រធានក្រុមដែលបានជួយអង់គ្លេសលេងក្នុងកម្មវិធី Davis Cup រយៈពេល ១៣សម័យកាលដោយបានជួយជម្រើស ជាតិឡើងដល់វគ្គផ្តាច់ព្រ័ត្រផងដែរកាលឆ្នាំ១៩៧៨ មុនពេលចាញ់ក្រុមសហរដ្ឋអាមេរិក និងបានឡើងដល់ជុំទី៣ ក្នុងកម្មវិធី French Open និង US Open ក្នុងឆ្នាំ១៩៦៨ និងជាកីឡាករមានពិន្ទុល្អក្នុងក្របខណ្ឌកំពូល Grand Slam ថែមទៀតផង។

Paul Hutchins ក៏បានដឹកនាំក្រុម Tennis របស់អង់គ្លេសប្រកួតក្នុងយុទ្ធនាការ London 2012 Olympics ផងដែរ ដោយកាលនោះ កីឡាករម្ចាស់ផ្ទះ Andy Murray ឈ្នះមេដាយមាស ក្នុងវិញ្ញាសាវាយទោលផ្នែកបុរស។

បន្ថែមលើនេះ Paul ក៏បានធ្វើជាអ្នកអត្ថាធិប្បាយខាងផ្នែកកីឡា Tennis នៅទូរទស្សន៍ក្នុងស្រុក BBC TV ក្នុងឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ដែលធ្លាប់បំបែកកំណត់ត្រាក្នុង Davis Cup ដោយប្រើពេលត្រឹមតែ ៣១នាទីប៉ុណ្ណោះ ដើម្បីផ្តួលគូប្រកួតដ៏លឿនបំផុតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៨៧៕

Advertising