(អង់គ្លេស)៖ តារាចម្រៀងប្រុសសមាជិកក្រុម One Direction គឺលោក Louis Tomlinson កំពុងមានទុក្ខជាទម្ងន់ ខណៈប្អូនស្រីជាទីស្រឡាញ់របស់លោក គឺកញ្ញា Félicité Tomlinson បានទទួលមរណភាពក្នុងវ័យ ១៨ឆ្នាំ ដោយសង្ស័យថា មកពីជំងឺគាំងបេះដូង។ ក្រោយទទួលនូវដំណឹងនេះហើយ អ្នកគាំទ្រជាច្រើន បានចូលរួមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះតារាប្រុសរូបនេះ និងក្រុមគ្រួសារ ព្រមទាំងនាំគ្នាលើកកម្លាំងចិត្ត ឱ្យលោករឹងមាំឡើង។ នេះបើយោងតាមការផ្សាយ ដោយសារព័ត៌មាន Sky News នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩។

កញ្ញា Félicité Tomlinson ត្រូវបានគេដឹងថា បានដួលសន្លប់ នៅក្នុងអាផាតមិនមួយកន្លែង ស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។ ភ្លាមនោះ សមាជិក្នុងផ្ទះក៏បានទូរស័ព្ទទៅប៉ូលីស និងពេទ្រសង្គ្រោះបន្ទាន់ តែជាអកុសលពេលក្រុមជួយសង្គ្រោះមកដល់ នាងបានបាត់បង់ជីវិតទៅហើយ។

ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបាននិយាយថា «យើងត្រូវបានគេទូរទស័ព្ទហៅ នៅវេលាម៉ៅង ១២៖៥១ នាទីរសៀល (ម៉ោងនៅទីក្រុងឡុងដ៍) ។ យើងបានបញ្ជូនអ្នកសង្រ្គោះ ២នាក់ ដោយមានទី១ គឺអ្នកឆ្លើយឆ្លងក្នុងឡាន និងម្នាក់ទៀត ជាមួយជំនួយការវេជ្ជបណ្ឌិត ក្នុងហេតុការណ៍នេះ។ ប៉ុន្តែគួរឱ្យសោកស្តាយ បើទោះបីជាយើងខិតខំប្រឹងប្រែងយ៉ាងណា ក៏មនុស្សបានស្លាប់ទៅហើយ»

ប៉ូលីស បាននិយាយថា «មន្រ្តីប៉ូលីសបានមកដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីរថយន្ដសង្គ្រោះបន្ទាន់មកដល់ ប៉ុន្តែ Félicité Tomlinson ត្រូវបានគេប្រកាសថា បានស្លាប់នៅកន្លែងកើតហេតុ»

ងាកមកតារាប្រុស Louis Tomlinson បានលុបចោលការសម្តែងក្នុងកម្មវិធីសប្បុរសធម៌មួយរបស់ BBC ដែលនឹងគ្រោងចាក់ផ្សាយនៅយប់ថ្ងៃសុក្រសប្តាហ៍នេះ ដោយសារការទទួលមរណភាពរបស់ប្អូនស្រី។ លោក Louis Tomlinson កំពុងតែនៅជាមួយនឹងក្រុមគ្រួសារពោរពេញដោយភាពទុក្ខសោក ក៏ព្រោះតែលោកទើបតែបាត់បង់ម្តាយ ដែលស្លាប់ដោយសារជម្ងឺមហារីកកាលពីឆ្នាំ២០១៦ ហើយពេលនេះស្រាប់តែប្អូនស្រីទីស្រឡាញ់ស្លាប់ចោលម្នាក់ទៀត៕