(ភ្នំពេញ)៖ កីឡាករចាំទីនៃក្លឹបក្រសួងការពារជាតិ អ៊ុំ វិចិត្រ បានរងរបួសស្មាខាងឆ្វេងនៅអំឡុងការប្រកួតស្មើ ១-១ ទល់នឹងក្រុមភ្ញៀវអង្គរថាយហ្គឺរក្នុងសប្តាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ដោយសារការហក់សង្គ្រោះបាល់ទៅបុកនឹងបង្គោលទី ពីការតែតរបស់កីឡាករ Ramos Alexis។

របួសស្មានេះអាចចំណាយពេលយ៉ាងតិច ១សប្ដាហ៍ ទើបអាចចូលហ្វឹកហាត់វិញបាន ខណៈ វិចិត្រ បានប្រឹងលោតមួយទំហឹង ព្រោះឃើញរាងឆ្ងាយ តែដល់ពេលហក់ទៅក្រឡេកកន្ទុយភ្នែកឃើញបង្គោលបាល់ចូល ក៏ប្រឹងផ្អៀងខ្លួនទម្លាក់ស្មាមកមុន ហើយបុកខ្ទាំសាច់ដុំតែម្ដង។

វិចិត្រ បានឲ្យដឹងថា ១-២ថ្ងៃដំបូងរាងឈឺខ្លាំងដែរ លើកដៃអត់ចង់រួចទេ ចូលហាត់អត់កើតទៀត។ យ៉ាងណាក្ដីកីឡាករចាំទីជម្រើសជាតិរូបនេះត្រូវរង់ចាំមើលបន្តទៀត ប្រសិនបើនៅតែបន្តអាការៈឈឺចាប់ ប្រហែលត្រូវទៅឲ្យគ្រូពេទ្យជំនាញពិនិត្យព្យាបាលបន្ថែមទៀត។

គួរបញ្ជាក់ផងថា ក្រសួងការពារជាតិស្ទើរតែរបូត ៣ពិន្ទុទៅក្រុមភ្ញៀវអង្គរថាយហ្គឺរ ក្រោយកីឡាករ Ramos Alexis តែតបញ្ចូលទីនៅនាទី៥៤ តែចូលដល់ម៉ោងបន្ថែម ៩០+៦ ទៅហើយ ទើបខ្សែការពារវ័យក្មេង កាន់ ពិសាល តាមស្មើបានវិញ៕