(ភ្នំពេញ)៖ ជាការពិតថ្មីៗនេះ ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឃើញតារាសម្តែងហុងកុងវ័យ ៦៦ឆ្នាំ ដែលទស្សនិជនខ្មែរហៅថា «អាម៉ាប់តូច» បង្ហាញវត្តមាននៅទឹកដីអង្គរខេត្តសៀមរាប។ ខណៈរឿងនេះហាក់ស្ងាត់បន្តិច ក៏ផ្ទុះនូវរឿងចាប់អារម្មណ៍ថ្មីមួយទៀត ដោយការមកកម្ពុជាពីសំណាក់តារាហុងកុងខាងលើ ដើម្បីថតភាពយន្តមួយ ដែលមានចំណងជើងថា «ទេវតាការពារ» ប្រភពរឿងវៃគ្នាសាហាវ ព្រមទាំងមានការចូលរួមសម្តែង ពីសំណាក់តារាជើងចាស់របស់កម្ពុជា អ្នកនាង ស្វែង សុជាតា ផងដែរ។

អ្នកនាង ស្វែង សុជាតា ផ្ទាល់បានថ្លែងប្រាប់ Fresh News និង Khmer Talking តាមរយៈទូរស័ព្ទថា អ្នកនាងពិតជាមានមោទនភាពខ្លាំងណាស់ ដែលផលិតករបរទេស ចាប់អារម្មណ៍មកថតភាពយន្តនៅទឹកដីប្រទេសកម្ពុជា គឺនៅតំបន់ទេសចរណ៍បុរាណខ្មែរប្រាសាទអង្គរតែម្តង អ្វីដែលពិសេស គឺមានការយល់ព្រមពីអជ្ញាធរកម្ពុជា ដែលអនុញ្ញាតិឱ្យខាងក្រុមហ៊ុនបរទេសមកថតនៅទឹកដីខ្មែរ ព្រោះនេះគឺជាកត្តាមួយ ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជា និងបង្ហាញពីការរីកចម្រើន ដែលកម្ពុជាមានបច្ចុប្បន្ន ឱ្យបរទេសបានដឹង។

ក្រៅពីបង្ហាញអារម្មណ៍សប្បាយចិត្ត និងមានមោទនភាព អ្នកនាង ស្វែង សុជាតា ថា ទោះខ្លួនធ្លាប់បានសម្តែងរឿងឱ្យបរទេសជាច្រើនកន្លងមកក្តី តែនេះគឺជាលើកទីមួយហើយ ដែលបានចូលរួមសម្តែងរឿងឱ្យផលិតកម្មហុងកុង ដោយដើរតួជាម៉ែដោះ របស់ចៅតួអង្គ «អាម៉ាប់តូច» ដែលក្នុងរឿងនោះ គឺនិយាយជាភាសាចិនតែម្តង តែអ្នកនាងថា ខ្លួនមិនចេះចិននោះទេ។ នាងថា ការមានឱកាសសម្តែងរឿងហុងកុងនេះ ដោយសារស្គាល់គ្នាជាមួយនឹងផលិតករចិន រួមផ្សំទាំងគេមើលឃើញពីសមត្ថភាព និងទេសពកោសល្យសម្តែងរបស់នាងផងនោះ។ អ្វីដែលសំខាន់នាង ថាការចូលរួមសម្តែងលើកដំបូងនេះ គឺដើម្បីទទួលយកបទពិសោធប៉ុណ្ណោះ ព្រោះមិនមានពេលវេលាថតជាមួយគ្នាយូរទេ ដោយសារចាប់កុងត្រា រវល់សម្តែងឱ្យរឿងផ្សេងទៀត។

តាមរយៈការចូលរួមសម្តែងក្នុងភាពយន្តហុងកុងនេះ អ្នកនាង ស្វែង សុជាតា បានសម្តែងនូវអាមរ្មណ៍ថា ខ្លួនមានមោទនភាពណាស់ ដែលខ្មែរអាចឈានចូលលំដាប់ពិភពលោកបានបន្តិចម្តងៗ ក្នុងវិស័យសិល្បៈភាពយន្តនេះ ព្រោះសម្រាប់អ្នកនាងផ្ទាល់ កាលពីមុនមិនទាន់មានផលិតករបរទេសស្គាល់នោះទេ ប៉ុន្តែបច្ចុប្បន្នមិនត្រឹមតែបរទេសស្គាល់កម្ពុជានោះទេ ថែមទាំងស្គាល់នាង ថាជាតារាសម្តែងកម្ពុជា និងពេលខ្លះទាក់ទងមកនាង ដើម្បីឱ្យចូលរួមថតភាពយន្តដោយផ្ទាល់ទៀតផង។

តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយ Fresh News និង Khmer Talking ស្វែង សុជាតា បានផ្តាំផ្ញើរនូវសារជូនពរក្នុងឱកាសឆ្នាំថ្មី ចំពោះមហាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស សូមឱ្យជួបតែសំណាងល្អ សុខភាពល្អ និងទទួលទានមានបាន ជាពិសេស សូមឱ្យយុវវជនខ្មែរ ចៀសឱ្យផុតពីគ្រឿងញៀន៕