(ភ្នំពេញ)៖ តារាចម្រៀងល្បីៗពីប្រទេសកម្ពុជាចំនួន ១០រូប នឹងចេញទៅចូលរួមការប្រគំតន្ត្រីសង្ក្រានសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» និងបំបែកកំណត់ត្រាប្រចាំឆ្នាំ មានអ្នកចូលរួមរាំចង្វាក់រាំវង់ មានវង់ធំជាងគេលើពិភពលោក ក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

តារាចម្រៀងល្បីៗដែលនឹងត្រូវចូលរួមការប្រគំតន្ត្រីខាងលើមាន ដូចជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម, លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ, លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo, លោក Tampo, ពិធីករកំពូលកូ លោក ប៉ែនចំរ៉ុង និង លោក យឹម តាស្រង់ និងដឹកនាំលើការប្រគំ តន្ត្រីនេះ។ ទីកន្លែងនៃការប្រគំតន្ត្រីនៅទីក្រុងប៊ូសាន សួនឧទ្យានសាមណាក់ ក្បែរស្ថានីយរថភ្លើងសាសាង ឬតាមអាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ១០យប់។

សូមបញ្ជាក់ថា ការប្រគំតន្ត្រីសង្ក្រានសប្បុរសធម៌ដើម្បីគន្ធបុប្ផា និងបំបែកកំណត់ត្រាប្រចាំឆ្នាំ មានអ្នកចូលរួម រាំចង្វាក់រាំវង់ មានវង់ធំជាងគេលើពិភពលោក មិនមាការលក់សំបុត្រឡើយ គឺបងប្អូនពលករខ្មែរអាចចូលរួមទស្សនាដោយសេរី។

តាមការរំពឹងទុក ព្រឹត្តិការណ៍ខាងលើនឹងមានបងប្អូនខ្មែរ ទៅចូលរួមទស្សនាច្រើនម៉ឺននាក់ ហើយអាចស្វែងរកមូលនិធិបានច្រើន ដើម្បីយកមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងខ្វះខាត។ ក្រៅពីនោះសកម្មភាពនៃការរាំលេងរបស់បងប្អូន និងបន្សល់នៅវីដេអូ MV ដ៏អស្ចារ្យ ទុកជាអនុស្សាវរីយរបស់ខ្មែរលើទឹកដីកូរ៉េ ដែលមិនធ្លាប់មានថែមទៀតផង៕