(ភ្នំពេញ)៖ បន្ទាប់ពីខកខានដោយសារបញ្ហារបួសឆ្អឹងស្មងជើងខាងស្តាំ ត្រូវសម្រាករយៈប្រមាណជាង ៦ខែកន្លងមកនេះ កីឡាករខ្សែបម្រើការពារស្លាបឆ្វេង សុក សំណាង បានវិលត្រឡប់ចូលទីលានសាជាថ្មីក្នុងការប្រកួតផ្លូវការលើកដំបូងក្នុងក្លឹបស្វាយរៀង ដែលបានយកឈ្នះគិរីវង់សុខសែនជ័យ ២-០ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ទន្ទឹមនឹងការវិលត្រឡប់ និងលេងលើកដំបូង រូបគេក៏បានបង្ហាញនូវកង្វល់មួយចំនួនដូចជា បច្ចេកទេស និងកម្លាំងផងដែរ ដោយសារទើបតែជាសះស្បើយពីរបួស តែកីឡាករវ័យ២៤ឆ្នាំរូបនេះក៏បានបង្ហាញឆន្ទៈព្យាយាមលេងឲ្យបាន ១០០ភាគរយវិញ។

សំណាង បាននិយាយថា «ទម្រង់លេងរបស់ខ្ញុំអាចនឹងឆាប់យល់ជាមួយមិត្តរួមក្រុមលឿនជាងនេះ បន្ទាប់សម្រាកពីរបួស និងសង្ឃឹមថា អ្វីៗនឹងល្អប្រសើរមុនជំនួបទល់នឹងភ្នំពេញក្រោននាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩»

បន្ថែមលើនេះ សំណាង ក៏បានចូលរួមអបអរសម្រាប់សមាជិកក្រុមដែលធ្វើបានឈ្នះ ៣ប្រកួតជាប់ៗគ្នាក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះ ដោយមើលឃើញពីទម្រង់លេង និងការយល់ចិត្តគ្នាបានល្អ ទើបធ្វើឲ្យក្រុមឈរនៅកំពូលតារាងបណ្តោះអាសន្ន និងរក្សាសំណាញ់ទីមិនរបូតសូម្បី ១គ្រាប់នៅឡើយ៕