(ព្រៃវែង)៖ ព្រឹត្តិការណ៍ប្រដាល់លក្ខណៈអន្ដរជាតិ Khmer Fight ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ (TV-5) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជា ពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ក្រោយចម្រាញ់នូវកីឡាករជើងខ្លាំងៗរបស់កម្ពុជា ទទួលអ្នកលេងឆ្លងដែនមកពី ៥ប្រទេសនៅទីរួមខេត្តព្រៃវែង ក្នុងព្រឹត្ដិការណ៍សង្ក្រាន្ដព្រៃវែង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ កាលពីថ្មីៗកន្លងទៅ។

សម្រាប់កីឡាករជើងខ្លាំងៗដែលបានបង្ហាញសមត្ថភាពឆក់ការគាំទ្រភ្លូកទឹកភ្លូកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅខេត្តព្រៃវែង រួមមានម្ចាស់មេដាយមាស៊ីហ្គេម ឃុន ឌីម៉ា បានយកឈ្នះជើងខ្លាំងថៃ Thong Mueangsima ដោយពិន្ទុ។ គូនេះបានសម្រុកវាយគ្នាពេញ ៣ទឹក តែមុនបញ្ចប់ការប្រកួត ឌីម៉ា បានបន្សល់នូវស្នាមបែកលើថ្ងាសជាច្រើនថ្នេរផងដែរ។ រីឯកីឡាករ រឿង សោភ័ណ្ឌ បានត្រឹមស្មើកីឡាករថៃ Petchmai Chornagsak បន្ទាប់ពីជើងខ្លាំងទាំងពីរ បានសម្រុកវាយស្មើដៃគ្នា តាំងពីដើមរហូតដល់ចប់។

ដោយឡែកកីឡាករ ឡៅ ចន្ទ្រា បានយកឈ្នះកីឡាករអ៊ីតាលី Federico Ernesto ដោយពិន្ទុ។ រីឯកីឡាករ វ៉ាន់ វឿន បានផ្ដួលកីឡាករឡាវ Nakronrit S.Visetkit ត្រឹមទឹកទី២ ដោយប្រើកែង និងកណ្ដាប់ដៃរបស់ខ្លួន។ កីឡាករ ឡុង សំណាង បានវាយកីឡាករបារាំង Jordan ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ខណៈកីឡាករ ផល សោភ័ណ្ឌ បានយកឈ្នះកីឡាករអូទ្រីស Mehrdad Addinejad ដោយពិន្ទុ។ លើសពីនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រដាល់លក្ខណៈអន្ដរជាតិនេះ ក៏មានរៀបចំគូប្រកួតមិត្តភាព ២គូទៀតដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Khmer Fight នេះត្រូវបានកំណត់លក្ខខណ្ឌប្រកួតត្រឹម ៣ទឹកប៉ុណ្ណោះ គ្រាដែលកាលពីក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១៩ ក្នុងឱកាសសម្ពោធវិមានឈ្នះ! ឈ្នះ! របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក៏ធ្លាប់រៀបចំ​ព្រឹត្តិការណ៍ប្រដាល់លក្ខណៈអន្ដរជាតិនេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនដែរ។ ចំពោះកម្មវិធីប្រដាល់ Khmer Fight ក្នុងព្រឹត្តិការណ៍សង្ក្រាន្ដព្រៃវែង បានធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែងផងដែរ៕