(ភ្នំពេញ)៖ តារាសម្តែងប្រុសមាឌធំ រាងខ្ពស់ស្រឡះ មុខមានមន្តស្នេហ៍ ដែលតែងតែបង្ហាញវត្តមានក្នុងខ្សែភាពយន្តភាគនានា គឺលោក រ៉ាវុទ្ធ នឹង​ចូលរួម​ជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ តាមរយៈចូលរួមនេះលោកនឹងបង្ហាញ រាល់រឿងរ៉ាវអាថ៌កំបាំងនៅពីក្រោយខ្នងនានា ដែលទស្សនិជនមិនទាន់បានដឹង ឬក៏មានការសង្ស័យកន្លងទៅ ឱ្យទស្សនិជនជ្រាប់កាន់តែច្បាស់ ជាពិសេសនោះ គឺការតស៊ូ ពុះពារនូវឧបសគ្គនានា ក្នុងការងារសិល្បៈតែម្តង។

ជាការកត់សម្គាល់ តារាប្រុសរូបនេះ ត្រូវបានទស្សនិកជនមើលឃើញថា មិនសូវមានភាពស្និតស្នាល ឬចូលក្នុងចង្កោមសិល្បៈ​ញឹកញាប់ដូចតារាដទៃទៀតទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាមានភាពស្និតស្នាលជាមួយអ្នកគាំទ្រទៅវិញ ព្រោះជារឿយៗលោកតែងតែត្រូវបានអ្នកគាំទ្រជាច្រើនចោមរោម ចោមរោមថតរូប និងមានកម្មវិធីជាមួយអ្នកគាំទ្រជាដើម ដើម្បីបង្កើនភាពជិតដិតជាមួយគ្នា។ ទន្ទឹមគ្នានេះ ក៏មានមតិមួយចំនួននិយាយថា លោក រ៉ាវុទ្ធ មានបុគ្គលម្នាក់នៅពីក្រោយ ដោយផ្តល់សម្ភារៈទំនើបដល់លោកមិនចេះដាច់ផងដែរ។

ឆ្លើយតបនឹងការលើកឡើងខាងលើ ក៏ដូចជារឿងរ៉ាវមានការសង្ស័យនានាលើលោកនោះ តារាប្រុស រ៉ាវុទ្ធ នឹងមកបង្ហាញប្រាប់ដល់ទស្សនិកជន ឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈការចូលរួម ជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕