(ក្រុងឡុងដ៏)៖ លោក Rafael Benitez បានលើកឡើងថា លោកចង់កាន់តំណែងជាគ្រូបង្វឹក រហូតដល់វ័យ ៧០ឆ្នាំ ខណៈបច្ចុប្បន្នលោកជាគ្រូបង្គោលនៃក្លឹបសារិកាព្រៃ Newcastle United ដែលមានទីតាំងស្ថិតនៅទឹកដីអង់គ្លេស លេងនៅក្របខណ្ឌ Premier League។ នេះបើតាមចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

បុរសវ័យ ៥៩ឆ្នាំ ជាអតីតគ្រូបង្គោលនៃក្លឹបជាច្រើនគិតត្រឹមក្លឹប Valencia, Liverpool, Inter Milan, Chelsea, Napoli, Real Madrid ដែលបានចូលមកកាន់ក្លឹប Newcastle កាលឆ្នាំ២០១៦ បានបញ្ជាក់ថា រូបលោកចង់កាន់តំណែងជាគ្រូបាល់ទាត់រហូតដល់អាយុ ៧០ឆ្នាំទើបចូលនិវត្តន៍ ដោយនៅសល់រយៈពេល ១១ឆ្នាំទៀត ខណៈលោក Roy Hodgson ដែលមានវ័យ ៧១ឆ្នាំទៅហើយនោះ បានកំពុងដឹកនាំក្លឹប Crystal Palace នៅឡើយ។

គួរបញ្ជាក់ផងថា គ្រូបបង្គោលសញ្ជាតិអេស្ប៉ាញ Benitez កំពុងដឹកនាំសារិកាព្រៃស្ថិតនៅលេខរៀងទី១៥ ក្នុងតារាងពិន្ទុ Premier League ធ្លាប់ជួយក្លឹបហង្សក្រហម Liverpool លើកពានរង្វាន់ធំជាច្រើនរួមមាន Champions League ក្នុងឆ្នាំ២០០៥ ពាន FA Cup ពាន Community Shield និង Super Cup៕