(អាំស្តើដាំ)៖ ក្រុមកំពុងឡើងជើងខ្លាំង Ajax Amsterdam ត្រូវបានប្រធានសហព័ន្ធបាល់ទាត់នៃប្រទេសហូឡង់សម្រេច ពន្យារពេល ១ប្រកួតក្នុងលីគ ដើម្បីទុកឲ្យក្រុមមួយនេះសម្រាកបានច្រើនត្រៀមប៉ះក្រុមអង់គ្លេស Tottenham Hotspur ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ក្រុមដែលបានទម្លាក់ Real Madrid និង Juventus ដើម្បីឡើងទៅជួប Spurs ត្រូវធ្វើការប្រកួតទល់នឹងក្រុម De Graafschap នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ ក្នុងលីគកំពូលហូឡង់ Eredivisie ក្នុងសប្តាហ៍ទី៣២ ពោលគឺនៅមុនពេល២ថ្ងៃដែលត្រូវធ្វើដំណើរទៅប៉ះ Spurs សម្រាប់ជើងទី១ នៃវគ្គ៤ក្រុមចុងក្រោយ Champions League។

ប្រធាន FA របស់ហូឡង់បានថ្លែងថា ការសម្រេចពន្យារពេល ១ប្រកួតនេះដែរ ត្រូវបានធ្វើឡើង ដើម្បីឲ្យក្រុមឈរនៅ កំពូលតារាង Eredivisie, Ajax មានពេលវេលាគ្រប់គ្រាប់ យ៉ាងហោចណាស់ក៏ ២ថ្ងៃពេញ ដើម្បីពើបប្រទះទល់នឹង ក្រុមខ្លាំង Spurs ក្នុង Champions League នៅរាត្រីថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។ មិនត្រឹមតែ Ajax នោះទេ ក្រុមផ្សេងទៀតក៏ទទួលបានផលប្រយោជន៍នេះដែរ។

ប្រធានសហព័ន្ធខាងលើក៏បានបន្ថែមទៀតថា ការប្រកួតរវាង Ajax និង De Graafschap នឹងត្រូវលើកទៅប្រកួតនៅរាត្រីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ ចុងរដូវកាលវិញ ខណៈអាជ្ញាធរ ក៏ដូចជាមន្រ្តីយាម កាម ក៏បានឯកភាពចំពោះការផ្លាស់ប្តូរកាលបរិច្ឆេទនេះដែរ៕