(ក្រុងឡុងដ៍)៖ អតីតក្រុមមានឈ្មោះបោះសំឡេងនៅក្របខណ្ឌកំពូលអង់គ្លេស Bolton Wanderers បានបន្តជ្រុះទៅលេងក្នុងលីគលំដាប់ទី៣ ទៀត ក្រោយរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Aston Villa នៃសប្តាហ៍ទី៤៣ ជើងទី២ ក្នុងចំណោម ២៤ក្រុមនាយប់មិញនេះ។

២គ្រាប់បំប៉ោងសំណាញ់ទីរបស់កីឡាករ Grealish នៅនាទី៤៧ និងមិត្តរួមក្រុម Abraham នៅនាទីទី៥៧ វាគ្រប់គ្រាន់ ល្មមសម្រាប់ Bolton ដែលបន្តកាត់ចេញពីលីគទី២ Championships នារដូវកាលនេះ បើទោះបីជានៅសល់ ៣ប្រកួតទៀតក៏ដោយ។

យ៉ាងណាក៏ដោយ Bolton Wanderers បានក្លាយជាក្រុមទី២ បន្ទាប់ពី Ipswich Town ដែលឈរនៅបាតតារាង ក្រោយពេលលេង ៤៣ប្រកួតនារដូវកាលឆ្នាំ២០១៨-២០១៩នេះ អាចរកបានតែ ៣២ពិន្ទុប៉ុណ្ណោះ ចាញ់ក្រុមដែលឈរ នៅលេខរៀងទី២២ Rotherham United ក្នុងតំបន់កាត់ចោលដូចគ្នាដល់ទៅ ៨ពិន្ទុក្នុងការធ្លាក់លេងក្នុងក្របខណ្ឌលីគ League One នារដូវកាលក្រោយ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ ផងដែរសម្រាប់ Bolton ដែលបានធ្លាក់ទៅលេងក្នុង League One ក្នុងរយៈពេល ៧ឆ្នាំ គិតចាប់តាំងពីបានជ្រុះចេញពី Premier League៕