(កូរ៉េ)៖ ព្រឹត្តិការណ៍​​ប្រគំ​តន្ត្រី​សង្ក្រាន្តសប្បុរសធម៌​ឆ្នាំថ្មី ដើម្បី​គន្ធបុប្ផា និង​បំបែ​ក​កំណត់ត្រាប្រចាំឆ្នាំ មាន​អ្នក​ចូល​រួម​រាំ​ចង្វាក់រាំវង់ មានវង់ធំជាងគេ លើពិភពលោក ដែល​បាន​តារា​ចម្រៀង​ល្បី​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​១០​រូប ដឹក​នាំ​ដោយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយសុវត្ថិភាព​ហើយ ដូច​នេះ​បង​ប្អូន​ខ្មែរអាច​ចូល​រួម​រាំ​កម្សាន្ត​លេង​ឲ្យ​បែក​អាចម៍ក្លៀក ដោយសេរីទាំអស់គ្នា។

ក្រុម​តារា​​ល្បីៗ​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​ទៅ​ចូល​រួម​នៃ​ការ​ប្រគំតន្ត្រី​ខ្នាត​យក្ស​ខាង​លើ ​ពួក​គេ​បាន​ចេញ​ទៅ​តាំង​តែ​ពី​ថ្ងៃ​ទី១៨ ខែ មេសា ឆ្នាំ២០១៩​មក​ម្ល៉េះ ដោយ​​នៅ​ក្នុង​នោះ​គ្រាន់​តែ​ចូល​ទៅ​ដល់​ទឹក​ដី​កូរ៉េ​ភ្លាម ត្រូវ​បាន​អ្នក​រៀប​ចាំ​កម្មវិធី ​និងអ្នក​គាំទ្រ​របស់​ពួក​គេ​ទទួល​យ៉ាង​កក់​ក្ដៅ​បំផុត។

តារា​មក​ពី​ប្រទេស​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​មាន​ដូច​ជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម, លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ, លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo, ពិធីករ កំពូលកូ លោក ប៉ែនចំរ៉ុង និងលោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រីនេះ។ ការ​ប្រគំ​​តន្ត្រី​ខាង​លើ ធ្វើ​ឡើង​តែ​១ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិន​ការ​លក់​សំបុត្រ​ឡើយ គឺ​បង​ប្អូន​ពលករ​ខ្មែរ​អាច​ចូល​​រួម​ទស្សនា​ដោយ​សេរី។ ទីតាំង​នេះ​ធ្វើ​ការ​ប្រគំតន្ត្រី​នៅ​​ល្ងាច​នេះ​តែ​ម្ដង ទីកន្លែងនៃការប្រគំតន្ត្រី​របស់​យើង​ធ្វើ​នៅទីក្រុង ប៊ូសាន សួនឧទ្យានសាម​ណាក់​ ក្បែរ​ស្ថានីយ​រថភ្លើងសាសាង ឬតាមអាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង ៤ល្ងាចដល់ម៉ោង១០យប់។

តាម​ការ​រំពឹង​ទុកព្រឹត្តិការណ៍​ខាង​លើ និង​មាន​បងប្អូន​ខ្មែរ​ទៅ​ចូល​រួម​ទស្សនា​ច្រើន​ម៉ឺន​នាក់ ហើយ​អាច​ស្វែង​រក​មូលនិធិ​បាន​ច្រើន ដើម្បី​​​យក​មក​ជួយដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ខ្វះ​ខាត។ ក្រៅ​ពី​នោះ​សកម្មភាព​​​​​​នៃ​ការ​រាំ​លេងរបស់​បង​ប្អូន និងបន្សល់​នៅ​វីដេអូ MV ដ៏អស្ចារ្យ ទុកជាអនុស្សាវរីយរបស់​ខ្មែរ​​លើទឹក​ដីកូរ៉េ ដែល​មិន​​ធ្លាប់​មាន​ថែម​ទៀត​ផង៕