(ភ្នំពេញ)៖ ជាការកត់សម្គាល់តារាសម្តែងប្រុស រាងខ្ពស់ស្រឡះ ដែលលេចវត្តមានក្នុងរឿងភាគខ្មែរធំៗ គឺលោក រ៉ាវុធ ត្រូវបានទស្សនិកជនដឹងថា រាល់ពេលទៅណាមកណា តែងតែមានទស្សនិកជនចោមរោមមើល និងសុំថតរូបយ៉ាងច្រើន តែផ្ទុយទៅវិញ បែរជាមិនសូវស្និតជាមួយនឹងអ្នកសិល្បៈទៅវិញ ដែលជាហេតុធ្វើឱ្យអ្នកតាមដានសិល្បៈមួយចំនួនសង្ស័យថា ប្រហែលជាលោកមានសម្ពាធមកពីខាងណាហើយ។ យ៉ាងណាមិញ ថ្លែងប្រាប់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោកបញ្ជាក់ថា មូលហេតុនេះ គឺមិនមែនដោយសារមានសម្ពាធពីខាងណានោះទេ ប៉ុន្តែដោយសារអត្តចរិកលោកមិនសូវចេះនិយាយស្តីច្រើន និងមិត្តសិល្បៈមួយចំនួនរៀងឮកផងនោះ ទើបធ្វើឱ្យលោកមិនសូវស្និតស្នាលជាមួយអ្នកសិល្បៈ។

តាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក​ របស់តារា» តារាសម្តែងប្រុសមុខមានមន្តស្នេហ៍ លោក រ៉ាវុធ បានរៀបរាប់នូវអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើន ព្រោះកន្លងមកទស្សនិជនធ្លាប់តែដឹង ពីការងារសិល្បៈ សកម្មភាពសម្តែងតែប៉ុណ្ណោះ។ លោកថា ដើមឡើយលោកមិនមែនជាតារាសម្តែងនោះទេ ពោលគឺបានចូលរួមប្រកួតប្រជែងផ្នែកបង្ហាញម៉ូតក្នុងកមុ្មវិធី «Khmer Supper Model» របស់ស្ថានីយទូរទស្សន៍មួយ ក៏ជាប់ត្រឹមវគ្គជម្រុះ៣នាក់ចុងក្រោយ តែមិនបានទទួលជយលាភីនោះទេ។ យ៉ាងណាមិញ ដោយសាររាមច្បង និងលោកគ្រូ អ្នកគ្រូមើលឃើញពីទេពកោសល្យ សមត្ថភាពលោកអាចសម្តែងបានផងនោះ ក៏ហៅចូលសម្តែងតែម្តង។ លោក ថារឿងដំបូងដែលលោកចូលសម្តែង គឺបានតំណែងជាតួឯក ក្នុងរឿង «ជីវិតនាងរក្សា»​ របស់ស្ថានីយទូរទស្សន៍ MYTV ដោយទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយចាប់តាំងពីពេលនោះ គឺមានទស្សនិជនស្គាល់លោកតែម្តង។

តារាប្រុសកម្ពស់ ១.៨៨ សង់ទីម៉ែត្ររូបនេះ បានបង្ហាញប្រាប់ដល់មហាជនឱ្យច្បាស់ ទាក់ទងនឹងចម្ងល់របស់ទស្សនិកជន ដែលថាលោកមានសម្ពាធពីខាងណាមួយ ទើបមិនសូវចូលរួមកម្មវិធីសិល្បៈដូចតារាដទៃយ៉ាងដូច្នេះថា «តាមពិតចរិកពិតរបស់ខ្ញុំ គឺមិនខុសពីសកម្មភាពនៃការជួបហ្វេនៗនោះទេ ជាមនុស្សម្នាក់រួសរាយ ហើយផ្តល់ស្នាមញញឹម ហើយរាក់ទាក់ជាមួយមនុស្សជុំវិញទាំងអស់។ តែចំណុចដែលមិនសូវមានវត្តមានក្នុងកម្មវិធីមិត្តសិល្បករដូចគ្នា និងមិនសូវនិយាយច្រើន នៅស្ងៀមៗម្នាក់ឯងដោយសារ ទី១៖ ជាអត្តចរិកពិតរបស់ខ្ញុំ ពេលដែលមានកម្មវិធីចូលចិត្តស្ងៀមស្ងាត ក៏ប៉ុន្តែពេលអ្នកសិល្បៈដែលចូលរួមកម្មវិធីជាមួយគ្នា គឺគេអត់និយាយដែរ អង្គុយមើលតែមុខគ្នា ហើយខ្ញុំជាមនុស្សដែលមិនចេះផ្តើមមុន... មិនមែនជាមនុស្សឬកទេ និងទី២ គឺ ពេលខ្លះអត្តចរិករបស់អ្នកសិល្បៈមួយចំនួនមិនសូវដូចយើង ហើយខ្ញុំក៏ជាមនុស្សម្នាក់រៀងចិត្តចង្អៀតបន្តិចដែរ បើខ្ញុំមើលទៅចរិកគាត់អត់សូវស្រដៀងខ្ញុំ, ខ្ញុំខ្ជិលនិយាយច្រើនតែម្តង តែមិនមែនជាមនុស្សវៃឬកនោះទេ»

លោក រ៉ាវុធ បានសង្កត់ធ្ងន់ថា« បើនិយាយពីរឿងមានសម្ពាធពីខាងណានោះ គឺមិនមានទេ សូម្បីតែមនុស្សដែលោកស្រឡាញ់ បើដាក់សម្ពាធឱ្យលោក ក៏លោកមិនស្រឡាញ់ដែរ ព្រោះលោកជាមនុស្សមិនចូលចិត្តរស់ក្រោមសម្ពាធអ្នកដទៃ»

គួរជម្រាបថា លោក រ៉ាវុធ គឺជាកូនប្រុសច្បងក្នុងគ្រួសារដែលមានបងប្អូនប្រាំនាក់ទាំងលោក ហើយ​ក្រៅពីមានអាជីពជាតារាសម្តែង លោកមានការងារផ្ទាល់ខ្លួនមួយទៀត ផ្នែកទាហាន បម្រើការនៅក្រសួងការពារជាតិ។