(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានទទួល ៣ពិន្ទុពេញពីការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ក្រោយយកឈ្នះក្រុមអគ្គិសនីកម្ពុជា (EDC) ៤-០ នៅកីឡដ្ឋានវិសាខាកាលពីចុងសប្ដាហ៍កន្លងទៅ។ តែគ្រូបង្វឹកក្រុមម្ចាស់ផ្ទះលោក ហុក សុជីវ័ន បានថ្លែងក្រោយចប់ការប្រកួតថា ពិបាកលេងជាមួយ EDC បន្ដិច ព្រោះពួកគេទម្លាក់ការពារស្ទើរទាំងអស់។

លោក ហុក សុជីវ័ន បានលើកឡើងថា «តង់ទី១ យើងបង្កើតឱកាសបានច្រើន តែអត់សូវសម្រេចផល ដោយសារទម្រង់លេងគេចុះស្ទើរទាំងអស់ គេទុកតែម្នាក់សម្រាប់វាយបក ពេលគេដណ្ដើមបានបាល់ ចឹងយើងពិបាកលេង ពេលគេលេងបែបនេះ។ ម្យ៉ាងការរៀបចំរបស់យើង អត់តាមអ្វីដែលយើងចង់បាន ១០០% ទៀត...»។ តែយ៉ាងណាលោកនៅតែពេញចិត្ត ចំពោះកិច្ចសហការរបស់កូនក្រុមរហូតដណ្ដើមបាន ៣ពិន្ទុបន្ថែម។

ចំពោះការប្រកួតខាងលើ គេឃើញស្ទើរពេញ ៩០នាទី ក្រុមអគ្គិសនីកម្ពុជា បានប្រើប្រព័ន្ធការពារច្រើន ដើម្បីទប់ទល់ជាមួយ​ក្រុមកំពុងឡើងជើងវិសាខា ដែលមានកីឡាករបរទេសមាឌធំៗជាជំនួយ។ ប៉ុន្ដែទោះបីការពារយ៉ាងណា ក៏មិនអាចរារាំង​ការដាក់សម្ពាធរបស់ក្រុមម្ចាស់ផ្ទះបានដែរ ដោយវិសាខា បានព្យាយាមរហូតទម្លាយសំណាញ់ទីអគ្គិសនីកម្ពុជាបាន ៤គ្រាប់ ដោយកីឡាករ Pak Song Chol, ទិត្យ ឌីណា, Enavgelos និងកីឡាករ Ideguchi Masaaki។

ជ័យជម្នះនេះ បានជួយឲ្យវិសាខា រក្សាកៅអីលេខ៣ បណ្ដោះអាសន្ន និងមាន ១០ពិន្ទុស្មើគ្នាជាមួយក្រុមឈរលេខ២ ក្រសួងការពារជាតិ ក្រោយបញ្ចប់ការប្រកួត ៤លើក ឈ្នះ៣ និងស្មើ១ មិនទាន់ស្គាល់ចាញ់រៀងៗខ្លួន ហើយតាមពីក្រោមក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ២ពិន្ទុ។ រីឯក្រុមអគ្គិសនីកម្ពុជា បានបន្ដកាន់ ៦ពិន្ទុក្នុងដៃ ឈរលេខរៀងទី៨ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ២ និងចាញ់២៕