(ភ្នំពេញ)៖ កីឡាករ ច្រឹង ពលរដ្ឋ បានរបូតឱកាសបង្ហាញខ្លួនលើកដំបូង អំឡុងពេលក្រសួងការពារជាតិ យកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) កាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីរូបគេមកយឺត ១០នាទីម្ដង អំឡុងពេលហ្វឹកហាត់ត្រៀមការប្រកួតសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជានេះ។

លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិបានបញ្ជាក់ថា ពលរដ្ឋ បានជាពីរបួស ១០០% ហើយ ហើយលោកហៀបនឹងដាក់គេឲ្យលេងក្នុងជំនួបទល់នឹងក្រុមប៉ូលិសកាលពីចុងសប្ដាហ៍មុនទៅដែរ តែដោយសារពេលហ្វឹកហាត់ ពលរដ្ឋ បានមកយឺត ១០នាទី ឱកាសប្ដូរកីឡាករចុងក្រោយនៅនាទីទី៧៣ ក៏ធ្លាក់ទៅកីឡាករ ណារ៉ុង កក្កដា វិញ។

លោកថា «និយាយដោយស្មោះត្រង់ទៅ ខ្ញុំចង់ផ្ដល់ឱកាសឲ្យគាត់លេងដែរ ប៉ុន្តែដោយសារដំណាក់កាលចុងក្រោយ ដែលយើងប្ដូរកីឡាករនៅសល់តែ ណារ៉ុង កក្កដា និង ច្រឹង ពលរដ្ឋ ប៉ុន្តែ ច្រឹង ពលរដ្ឋ គាត់មកយឺតមួយពេល ប្រហែលជា ១០នាទី ក្នុងការហ្វឹកហាត់។ ឯ កក្កដា គាត់មកពេញម៉ោង គេទៀងម៉ោង ហើយខ្ញុំក៏សម្រចចិត្តឲ្យ កក្កដា លេង ព្រោះខ្ញុំជាមនុស្សដែលផ្ដល់យុត្តិធម៌នៅពេលដែលកីឡាករមានវិន័យ ប៉ុន្តែ ពលរដ្ឋ គាត់ព្យាយាមមកដែរ គ្រាន់តែថាយឺត»

ប៉ុន្ដែយ៉ាងណាគ្រូបង្វឹកវ័យក្មេងរូបនេះ បានទទួលស្គាល់ថា ពេលនេះ ច្រឹង ពលរដ្ឋ មានភាពប្រសើរឡើងហើយ ដែលអាចបង្ហាញខ្លួនក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជា និងអាចជំនួសមិត្តរួមក្រុមក្នុងតំណែងបម្រើ-ការពារបានគ្រប់ពេល គ្រាន់តែគេមិនទាន់រួចរាល់សម្រាប់កៅអីជម្រើស ១១នាក់ដំបូងប៉ុណ្ណោះ។ ហេតុនេះប្រកួតបន្ទាប់ លោកនឹងព្យាយាមដាក់ ពលរដ្ឋ ឲ្យបានលេង ដើម្បីបន្សាំរូបគេក្នុងការប្រកួតប្រជែង និងត្រៀមការប្រកួតបន្ដបន្ទាប់ឲ្យកាន់តែល្អប្រសើរ។

សូមរំឭកថា ច្រឹង ពលរដ្ឋ បានរងរបួសដាច់សរសៃពួរជើង តាំងពីឆ្នាំ២០១៧ ហើយក្រោយធ្វើការវះកាត់ព្យាបាល រូបគេបានខកខានបង្ហាញវត្តមាន ១រដូវកាលពេញ កាលពីឆ្នាំ២០១៨ រហូតដល់ចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ទើបគេមានភាពប្រសើរឡើងវិញ។ តែយ៉ាងណាពេលនេះ ពលរដ្ឋ ត្រូវបានគ្រូបង្វឹក និងសាមីខ្លួនផ្ទាល់អះអាងថា បានជាសះស្បើយ ១០០% ហើយ នៅឡើយតែរង់ចាំឱកាសបង្ហាញខ្លួនជាថ្មីប៉ុណ្ណោះ៕