(ក្រុងតូរីន)៖ នៅពេលនេះក្លឹបយក្សអ៊ីតាលី សេះបង្កង់ Juventus បានដាក់តម្លៃខ្លួនប្រមាណ ៥០ទៅ ៦០លានអឺរ៉ូ ទៅលើកីឡាករខ្សែការពារកណ្តាល Joao Cancelo ស្របពេលមេឃខៀវ Manchester City ដែលកំពុងចង់នាំយកកីឡាករវ័យក្មេងរូបនេះ ទៅកាន់ទឹកដីអង់គ្លេសនារដដូវកាលក្រោយ។ នេះបើតាមការចេញផ្សាយដោយ Great Goals នាពេលថ្មីៗនេះ។

កីឡាករវ័យ ២៤ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ ដែលជាខ្សែការពារកណ្តាលត្រូវបាន Juventus នាំយកពីក្លឹបអេស្ប៉ាញ Valencia ក្នុងតម្លៃប្រមាណ ៣៦លានផោន ស្មើនឹង ៤៧លានដុល្លារកាលឆ្នាំ២០១៨ មកកាន់កីឡដ្ឋាន Turin គ្រាដែលរូបគេហាក់មិនមានការចុះសម្រុងជាមួយគ្រូបង្វឹក Massimiliano Allegri។

គួរបញ្ជាក់ផងថា Joao Cancelo បច្ចុប្បន្នបង្ហាញខ្លួនបាន ៣២ប្រកួតឲ្យក្រុមសេះបង្កង់ Juventus និងរកបាន ១គ្រាប់ដែលរូបគេអាចនឹងក្លាយជាគូប្រជែងក្នុងជម្រើស ១១នាក់ដំបូងជាមួយកីឡាករ Danilo ដែលអាចផ្ទេរទៅកាន់ក្លឹប Inter Milan របស់អ៊ីតាលីវិញ៕