(ភ្នំពេញ)៖ តារាចម្រៀងប្រុសសំនៀងពិរោះមានទឹកដម ឆន សុវណ្ណរាជ ថ្មីៗនេះហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយត្រូវបានមហាជន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានយករូបលោក Troll ភ្ជាប់ជាមួយនឹងចំណងជើងបទចំរៀងរបស់លោកផ្ទាល់។ លោក ឆន សុវណ្ណរាជ ត្រូវបានអ្នកគាំទ្រយកទៅ Troll បែបនេះ គឺបន្ទាប់ពីដឹងថា អ្នកនាងឱក សុគន្ធកញ្ញា បានចូលរោងការជាមួយលោក អ៊ឹង សុខលី ព្រោះផ្ទុយពីការផ្គួរផ្គងរបស់ក្រុមអ្នកគាំទ្រ។ ទោះបែបនេះក្តី តារាប្រុស លោក ឆន សុវណ្ណរាជ ហាក់មិនប្រកាន់ទោសអូសដំណើរខឹងអ្នក Troll ទេ ទោះបីជាមើលទៅហួសហេតុបន្តិចមែន ប៉ុន្តែលោកគិតថា ការយកលោកទៅកាត់តតាមចិត្តគ្រប់បែបយ៉ាង គឺកើតចេញពីការស្រឡាញ់គាំទ្រ របស់ទស្សនិកជន។ អ្វីដែលពិសេសលោកបានបង្ហើយថា មិនខូចចិត្តស្អិតទ្រូង នឹងរឿងអ្នកនាង ឱក សុគន្ធកញ្ញា រៀបការទេ ផ្ទុយទៅវិញ គឺរាំលេងសប្បាយណាស់ ក្នុងថ្ងៃមង្គលរបស់តារាចម្រៀងស្រីរូបនេះ។

ថ្លែងតាមរយៈចូលរួមច្រៀងក្នុងការប្រគុំតន្រ្តីមួយ លោក ឆន សុវណ្ណរាជ ក្រៅពីផ្ញើរសារជូនពរ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ទទួលបាននូវសុខភាពល្អ និងសុភមង្គលហើយនោះ លោកក៏បានប្រកាសក្តែងៗពីលើឆាកប្រគុំតន្រ្តីថា ទោះបីជាមានការ Troll តាមរយៈការកាត់តរូបថតលោក ឬភ្ជាប់ជាមួយបទ មួយខែដប់ថ្ងៃ និងបទជាច្រើនទៀតក៏ដោយ ក៏លោកមិនឈឺចិត្តស្អិតទ្រូងអីទេ ផ្ទុយទៅវិញ គឺមានតែសប្បាយរីករាយ​ ព្រោះថ្ងៃមង្គលការរបស់កញ្ញា គឺរាំលេងសប្បាយណាស់។

លោកបានបន្តថា «ខ្ញុំនិងសិល្បករដទៃទៀត រាំលេងសប្បាយណាស់ក្នុងថ្ងៃការ កញ្ញា ហើយសូមជូនពរអ្នកនាងឱក សុគន្ធកញ្ញា និងបងប្រុសអ៊ឹង សុលី ដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ជូនពរឲ្យមានសុខភាពល្អ សុភមង្គលពេញមួយជីវិត ជាពិសេសឆាប់មានក្មួយឲ្យពួកខ្ញុំពរឆាប់ៗ។ លោកឆន សុវណ្ណរាជ ក៏បានបញ្ជាក់ថា អរគុណសំរាប់ការផ្គូរផ្គង ការពេញចិត្តយើងខ្ញុំទាំងពីរនាក់ (រាជ-កញ្ញា) ក្នុងការសម្ដែងអស់រយៈពេលជាយូឆ្នាំមកហើយ ដៃគូដ៏សាកសម តែសម្រាប់រឿងបេះដូង គឺធ្វើតាមអារម្មណ៍របស់ខ្លួនឯង»

គួបញ្ជាក់ថា តារាចម្រៀងបុរសជួរមុខលោក ឆន សុវណ្ណរាជ និងអ្នកនាងឱក សុគន្ធកញ្ញា ត្រូវបានមហាជនដឹងថា គឺជាដៃគូដ៏សាកសមក្នុងការចាប់ដៃគូគ្នាសម្ដែង និងបកស្រាយចម្រៀងរួមគ្នា រហូតធ្វើឲ្យអ្នកគាំទ្រមួយ​ចំនួនចង់ឃើញអ្នកទាំង២ជាគូស្នេហ៍នឹងគ្នាផងដែរ៕