(ចិន)៖ តារាចម្រៀង និងជាតារាសម្ដែង ហុងកុង លោក William Chan ត្រូវបានទស្សនិកជនស្គាល់តាមរយៈការបង្ហាញខ្លួន​នៅក្នុងខ្សែភាពយន្តជាច្រើនដែរ ក្នុងនោះដូចជា រឿង Only Side by Side with You និង ធ្លាប់ប្រឡូកចូលនៅក្នុងវិស័យចម្រៀងជាក្រុម និងជាតារាចម្រៀងទោល ហើយលោកក៏បានឈ្នះពានរង្វាន់ជាច្រើនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ លោកបានបង្ហាញខ្លួន នៅក្នុងកម្មវិធីវេទិកាអរិយធម៌អាស៊ី ក្នុងទីក្រុងប៉េកាំង ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោក មានការចាប់អារម្មណ៍ជាខ្លាំង។

តាមរយៈការឆ្លើយសំណួរឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន CGTN លោក William Chan បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជាមានអារម្មណ៍ សប្បាយរីករាយ និង រំភើបជាខ្លាំង ដែលត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីអរិយធម៌អាស៊ីនេះ។ មានអ្នកសម្ដែងរាប់ពាន់នាក់ បាន បញ្ចេញសមត្ថភាពរបស់ពួកគេ នៅលើឆាក ដែលធ្វើឲ្យអ្នកទស្សនា មានភាពអន្ទះសារ ចង់ឃើញការសម្ដែងរបស់ពួកគេ ហើយលោកបានកោតសរសើរទៅដល់អ្នកសម្ដែងនៅលើឆាក ដែលធ្វើបានយ៉ាងល្អ។ លោក William Chan ត្រូវចាប់ដៃគូរសម្ដែងជាមួយលោក Zhang Yixing និងលោក Ding Yu នៅក្នុងការបង្ហាញពីទស្សនិយភាព «A Youthful Asia»។

សូមជម្រាបថា សន្និសិទលើកទី ១ ស្ដីពីការពិភាក្សានៃអរិយធម៌អាស៊ី ត្រូវបានធ្វើឡើងនៅឯពហុកីឡាដ្ឋាន Bird's Nest Stadium នៃប្រទេសចិនកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ។ វេទិកាអរិយធម៌អាស៊ីនេះ មានការចូលរួមសម្ដែងពីមនុស្សជាង ៣០ ០០០នាក់មកពី ៤៧ ប្រទេស ដែលត្រូវចូលរួមសម្ដែងនៅក្នុងកម្មវិធី ចំនួន ១៥ ទម្រង់ផ្សេងៗគ្នា៕