(បរទេស)៖ រថយន្តម៉ាក «ផច» (Porsches) ដែលជា រថយន្ដផលិតនៅឆ្នាំ ១៩៣៩ នៅប្រទេស​អាល្លឺម៉ង់​​ ប្រភេទ ៦៤ នឹងត្រូវបានគេដាក់ដេញថ្លៃ ក្នុងតម្លៃខ្ពស់បំផុត ក្នុងព្រឹត្តិការណ៍ដាក់ដេញថ្លៃនៅរដូវក្ដៅ នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៩ នេះ។

រថយន្តនៅទសវត្សន៍ឆ្នាំ៦៤ នេះ ត្រូវបានគេផលិតឡើង មានចំនួនតែ៣ គ្រឿងប៉ុណ្ណោះ ហើយឥឡូវនេះ គឺសល់តែមួយគ្រឿង ទេ ខណៈដែលគេនឹងត្រូវដាក់ដេញថ្លៃ ក្នុងតម្លៃខ្ពស់បំផុត។ រថយន្តមួយគ្រឿងនេះ គឺជាកម្មសិទ្ធរបស់ស្ថាបនិកក្រុមហ៊ុន Porsches លោក Ferdinand Porsches និង Ferry ដែលជាកូនប្រុសរបស់លោក។

រថយន្តនេះនៅតែស្ថិតនៅក្នុងស្ថានភាពដើមដដែល ជាមួយនឹងម៉ាស៊ីន៤ និងដោយរក្សាឧបករណ៍ដើមខ្លះរបស់វា ជាមួយនឹងគ្រឿងបន្លាស់មួយចំនួន។

គេរំពឹងទុកថា ការដាក់ដេញថ្លៃនេះ អាចបានតម្លៃពី ១៥ ទៅ ២០លានដុល្លារសហរដ្ឋអាមេរិកឯណោះ៕