(ភ្នំពេញ)៖ កីឡាករជួរមុខរបស់ក្រុមរងជើងឯករដូវកាលមុន បឹងកេតអែហ្វស៊ី ៣រូប បានលើកឡើងពីមូលហេតុដែលក្រុមទទួលបានត្រឹម ១ពិន្ទុ ពីការប្រកួតស្មើទល់នឹងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-២ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ កាលពីសប្តាហ៍មានដូចជា៖

ខ្សែប្រយុទ្ធ Purcino Eduardo «ខ្ញុំគឺជាខ្សែប្រយុទ្ធ ការរកគ្រាប់បាល់គឺជារឿងដែលខ្ញុំចាំបាច់ត្រូវតែធ្វើ ព្រោះបើមិនអាចស៊ុតបញ្ចូលទីបានទេ ខ្ញុំអាចនឹងអង្គុយនៅកៅអីបម្រុង»

អ្នកចាំទី យូ អាឡិចហ្សង់ «តួនាទីរបស់អ្នកចាំទី ប្រសិនបើយើងឱ្យគេទាត់ចូល ប្រៀបបីដូចទៅនឹងបរាជ័យ ដូចនេះខ្ញុំមិនសប្បាយចិត្តឡើយ សម្រាប់ការធ្វើឱ្យរបូតគ្រាប់បាល់ទាំងនោះ»

ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី «ខ្ញុំសប្បាយចិត្តដែលរកគ្រាប់តាមស្មើឱ្យក្រុម តែក៏ចង់សូមទោសដល់អ្នកគាំទ្រស្វាយរៀង ចំពោះការអបអរផងដែរ ដោយសារសប្បាយចិត្តពេក ហើយក៏អរគុណដល់ស្វាយរៀង ព្រោះបើមិនមានស្វាយរៀងក៏ អត់អាចបង្កើត ឃួន ឡាបូរ៉ាវី បានដែរ»

សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រកួត Purcino បានរកគ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់ នៅចុងវគ្គទីមួយ តែក្រោយមកយើងក៏របូតគ្រាប់បាល់ ២គ្រាប់វិញ មុនពេល ឃួន ឡាបូរ៉ាវី ដែលប្តូរចូលក្នុងវគ្គទី២ រកគ្រាប់តាមស្មើវិញ និងចែកពិន្ទុគ្នាសម្រាប់ក្រុមទាំងពីរ។ ក្រុមបឹងកេតឆ្លងកាត់ការប្រកួត៨សប្តាហ៍កន្លងមកនេះ ឈ្នះ៤ដង ស្មើ២ដង និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន១៤ពិន្ទុផងដែរ៕