(កូរ៉េខាងត្បូង)៖ Park Yoochun ដែលជាអតីតតារាចម្រៀង និងតារាសម្ដែង ត្រូវបានគេបញ្ជាក់ពីកាលបរិច្ឆេទ នៃការឡើងតុលាការ ជំនុំជម្រះលើកដំបូង បន្ទាប់ពីត្រូវបានគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀន។ តុលាការស្រុកស៊ូវ៉ុនបានប្រកាសថា សវនាការជាផ្លូវការរបស់លោក នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ koreaboo នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៩។

យោងតាមរបាយការណ៍បានឱ្យដឹងថា Park Yoochun ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់សារធាតុញៀនប្រភេទ Philopon ចំនួន ១,៥ ក្រាម ចាប់ពីខែកុម្ភៈ ដល់ខែមីនា។

លោក Park Yoochun ដើមឡើយបានបដិសេធការចោទប្រកាន់នៅក្នុងសន្និសិទកាសែតមួយ ក្រោយមកលោកបានទទួលស្គាល់ថា លោកពិតជាបានប្រើប្រាស់គ្រឿងញៀនពិតមែន។ លោកត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ ហើយនៅជើងរបស់លោកត្រូវបានមហាជនសង្កេតឃើញ មានស្លាកស្នាមពេញនៅលើជើង។ អ្នកប្រើប្រាស់ Philopon បាននិយាយថា ជួនកាលថ្នាំ Philopon អាចចាក់ថ្នាំតាមសរសៃឈាមនៅជើងរបស់ពួកគេ ហើយការរមាស់ដែលបណ្តាលមកពីការចាក់ថ្នាំ ធ្វើឱ្យអ្នកប្រើគ្រឿងញៀន ខ្វាច ឬ អេះកោសិកាស្បែក ដែលនាំអោយមានស្នាមរបួស៕