(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ «ពានរង្វាន់ជើងឯកវិទ្យាល័យ» នឹងត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០១៩នេះ ដោយមាន ៩ក្រុមចូលរួមនោះ នឹងចាប់ផ្តើមប្រកួតវគ្គសន្សំពិន្ទុជាផ្លូវការចាប់ពីថ្ងៃទី០៦ ខែមិថុនាខាងមុខតទៅ និងបញ្ចប់ទៅវិញនៅខែកញ្ញា ឆ្នាំ២០១៩។

លោក ងួន សុភៈ ប្រធានគណៈកម្មាធិការប្រតិបត្តិរៀបចំការប្រកួតបានថ្លែងក្នុងសន្និសីទនារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា យុទ្ធនាការ​ដែលមានរយៈពេលត្រឹមតែជាង ៣ខែនេះ គឺត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់អាជីព បឹងកេតអែហ្វស៊ី ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរ ខ្លាំងក្លាបន្ថែមទៀត ដោយមានការអនុញ្ញាត និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកួតដែលនឹងធ្វើឡើងជាលក្ខណៈវិលជុំ សន្សំពិន្ទុក្នុងដី និងក្រៅដី នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានបាល់ទាត់វិទ្យាល័យបឹងត្របែក និងវិទ្យាល័យ ជា ស៊ីម ច្បារអំពៅ មានក្រុមមកពីគ្រឹះស្ថានចំណេះដឹងទូទៅរបស់រដ្ឋ និងឯកជនចំនួននានា សរុបចំនួន ៩ក្រុមចូលរួម ចាប់ពីថ្ងៃទី០៦ ខែមិថុនា និងបញ្ចប់ទៅវិញ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

សម្រាប់ប្រាក់រង្វាន់វិញ សម្រាប់ជើងឯក នឹងទទួលបាន ពានប្រចាំព្រឹត្តិការណ៍១ និងប្រាក់រង្វាន់ចំនួន ៦០លានរៀល (១៥០០០ដុល្លារ) ខណៈលេខ២ នឹងទទួលបាន ៤០លានរៀល និងលេខ៣ ទទួលបាន ២០លានៀន និងមានរង្វាន់ជា ច្រើនទៀតសម្រាប់កីឡាករលេងល្អប្រចាំព្រឹត្តិការណ៍នេះផងដែរ៕