(ភ្នំពេញ)៖ ក្រុមដែលកំពុងធ្លាក់ទម្រង់លេង ភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ដើម្បីទទួលក្រុមមកពីខេត្ត តាកែវ គិរីរង់សុខសែនជ័យ ក្នុងសប្តាហ៍ទី៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ការប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋាន អ.អេស.អិន ថ្ងៃអាទិត្យ ទី២៦ ខែឧសភា នាម៉ោង ៦៖០០នាទីល្ងាច បន្ទាប់ពីពួកគេទើបតែរកបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះសូលទីឡូអង្គរសប្តាហ៍មុននៅទឹកដីខេត្តសៀមរាប ដែលជាបរាជ័យលើកទី១ ផងដែរក្រោម​ការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន ស៊ុំ វណ្ណា ដែលត្រូវបានតែងតាំងជំនួសកៅអីគ្រូបង្វឹកប្រេស៊ីល Leonardo Vitorino។

អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលក្រោន បានចាប់ផ្តើមរដូវកាលដ៏ត្រដាបត្រដួសដើមឆ្នាំ២០១៩ នេះ ដោយបានឆ្លងកាត់ការប្រកួត ៨សប្តាហ៍ រកបានជ័យជម្នះតែ ៣ដងប៉ុណ្ណោះ និងចាញ់ ៥ដង មិនដែលស្មើ ឈរនៅចំណាត់ថ្នាក់លេខ១០ ក្បែរបាតតារាង ដោយមាន ៩ពិន្ទុ។

រីឯគិរីវង់សុខសែនជ័យ វិញ ឆ្លងកាត់ ៨ប្រកួតកន្លងទៅ បានយកឈ្នះក្រសួងការពារជាតិ ក្នុងលទ្ធផល ៤-១ នៅទឹកដីនៃកីឡដ្ឋាន​មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តតាកែវកាលពីសប្តាហ៍មុន ដែលជាជ័យជម្នះលើកទី៣ និងចាញ់ ៥ដងដូចគ្នា ឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន៩ពិន្ទុ៕