(ម៉ាឌ្រីដ)៖ ក្លឹបអធិរាជស Real Madrid បានប្រកាសពីការទិញបានកីឡាករការពារស្លាបឆ្វេង Ferland Mendy មកពី បារាំង Lyon ក្នុងតម្លៃប្រមាណ ៤៧លានផោន ស្មើនឹង ៥៩.៦៦លានដុល្លារអាមេរិក ដែលជាកីឡាករទី៤ ដែលក្លឹប អេស្ប៉ាញមួយនេះទិញបានមុនចាប់ផ្តើមរដូវកាលឆ្នាំ២០១៩-២០២០។

កីឡាករក្នុងក្រុមជម្រើសជាតិមាន់គកបារាំង វ័យ២៤ឆ្នាំ Mendy បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ Real Madrid ក្នុងតម្លៃខ្លួន ៥៩.៦៦លានដុល្លារ ដែលធ្វើឲ្យក្លឹបអ្នកមានមួយនេះចាយលុយអស់ជិត ៣៨០លានដុល្លារ ហើយមកទល់នឹងពេលនេះ។

Mendy ទើបតែជាប់ជម្រើសជាតិបារាំងបាន ៣ប្រកួតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មក និងក៏បានចូលលេងក្នុង ជ័យជម្នះដែលបារាំងបំបាក់អង់ដូរ៉ា ៤-០ ក្នុងវគ្គជម្រុះ Euro 2020 ទៀតផង។

បន្ថែមលើនេះ Real Madrid ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinedine Zidane ក៏បានកំពុងតែសំលឹង ឃើញកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Rodrygo ដែលមានវ័យត្រឹមតែ ១៨ឆ្នាំទៀតដែរក្នុងខណៈកំពុងលេងឲ្យក្លឹបក្នុងស្រុក Santos៕