(មេនឆេស្ទើ)៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើស្លាប Daniel James បានក្លាយជាកីឡាករទីដែលក្លឹបបិសាចក្រហម Manchester United ទិញបាន ដើម្បីចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៩-២០២០ ខាងមុខ ក្នុងតម្លៃខ្លួនប្រមាណ ១៥លាន ផោនមកពីក្លឹបហ្វូងក្ងាន Swansea City។

កីឡាករដែលមានវ័យត្រឹមតែ ២១ឆ្នាំ James បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Old Trafford ដែលជាកីឡាករទី១ គិតចាប់តាំងពីលោក Ole Gunnar Solskjaer ចូលដឹកនាំក្លឹបបិសាចក្រហមមួយនេះ ដែលជំនួស កៅអីគ្រូបង្វឹក Jose Mourinho។

អតីតកីឡាករយុវជនថ្នាលរបស់ Swansea ខាងលើនេះ រកគ្រាប់ស៊ុតបញ្ចូលទីបាន ៥គ្រាប់ ពីការបង្ហាញខ្លួនបាន ៣៨ប្រកួតនៅរដូវកាលឆ្នាំ២០១៨-២០១៩ នៅក្នុងក្របខណ្ឌលីគលំដាប់ទី២ អង់គ្លេស Championship និងរកបាន គ្រាប់ដំបូងឲ្យក្រុមជម្រើសជាតិវ៉េល ក្នុងជ័យជម្នះ ១-០ ទៅលើក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងវគ្គជម្រុះ Euro 2020 ក្នុងពូល E កាលពីខែមីនា ឆ្នាំ២០១៩។

Daniel James បង្ហាញខ្លួនក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០១៩-២០២០ បន្ទាប់ពី Swansea City បានធ្លាក់ទៅលេងក្របខណ្ឌទី២ ចំនួន ២រដូវកាលចុងក្រោយនេះ និងប្រកួតប្រកួតក្នុងពានអឺរ៉ុប UEFA Europa League ផងដែរ ដ្បិត Man Utd បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៦ នារដូវកាលមុន៕