(ភ្នំពេញ)៖ តារាចម្រៀងស្រីត្រូវជាប្អូនថ្លៃថៅកែ ហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី លោក អ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយក្នុងពិធីមង្គលការរបស់កំពូលតារាចម្រៀងស្រីលំដាប់ប្រទេសរូបនេះ គឺមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកមុខអ្នកការធំៗ សិល្បករ សិល្បការនី ជាពិសេសនោះ គឺការផ្ដល់វត្តមានចូលរួមពីថ្នាក់ដឹកនាំប្រទេសថែមទៀតផង។ យ៉ាងណាមិញ ក្រោយពីចប់ពិធីមង្គលការបានដោយរលូនហើយនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបណ្ដើរស្វាមីរបស់ខ្លួន ទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេស អស់ប្រមាណជាង៣សប្ដាហ៍មកហើយ ខណៈដែលពេលនេះនាងនឹងស្វាមីបានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ។

ជាការពិតណាស់ ពេលនេះដែរ តារាចម្រៀង ឱក សុគន្ធ កញ្ញា និងស្វាមី បានត្រលប់មកដល់កម្ពុជាវិញហើយ ក្រោយដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំ អស់រយៈពេលប្រមាណជាបីសប្តាហ៍ នៅបណ្តាប្រទេសប៉ែកអឺរ៉ុបជាច្រើន។ ការវិលត្រលប់របស់តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ដែលត្រូវជាប្អូនថ្លៃ ថៅកែផលិតកម្ម ហង្សមាស បានធ្វើឱ្យអ្វកគាំទ្រជាច្រើនរីករាយ ខណៈដែលទស្សនិកជន និងអ្នកគាំទ្រ កំពុងទន្ទឹងស្នាដៃចម្រៀងថ្មីៗបន្តទៀត ក្រោយពីនាងត្រឡប់មកពីក្រេបទឹកឃ្មុំវិញ។

ដោយឡែកគេចាំបានថា គ្រាន់តែរៀបការកាលពីថ្ងៃទី១៦ ឧសភា ភ្លាម ឱក សុគន្ធកញ្ញា និងស្វាមី បានបណ្តើរគ្នាទៅក្រេបទឹកឃ្មុំនៅប្រទេសប៉ែកអឺរ៉ុបជាច្រើន ដែលមានដូចជា បារាំង ហូឡង់ អាល្លឺម៉ង់ អូទ្រីស និង អ៊ីតាលី ជាដើម ដែលតារាចម្រៀងរូបនេះក៏មិនភ្លេចចែករំលែកនូវវីដេអូ រូបភាពស្វីតស្វីតរបស់ខ្លួន និងស្វាមី ដល់មហាជនដែរ។

ជាមួយគ្នានេះ ទស្សនិកជនក៏ដូចជាអ្នកគាំទ្រជាច្រើនសរសើរពីភាពផ្អែមល្ហែមរបស់គូស្វាមីភរិយាថ្មីថ្មោងរូបនេះ ហើយក៏បានជូនពរឱ្យ ឱក សុគន្ធកញ្ញា ឆាប់មានដំណឹងល្អ មានបុត្រាបុត្រីឆាប់ៗ៕