(ស៊ីដនី)៖ ត្រីបាឡែនដ៏ធំ ១ក្បាល បានព្យាយាមហែលឆ្លងកាត់ថង់ប្លាស្ទិចជាច្រើន ក្នុងសមុទ្រនៃភាគខាងកើតប្រទេសអូស្ត្រាលី។ សកម្មភាពនេះត្រូវបានថតពីលើអាកាសដោយកាមេរ៉ា Drone អំឡុងពេលត្រីបាឡែននោះបានហែលទម្លុះឧបសគ្គនៃថង់ប្លាស្ទិច ដែលមានសារជាតិពុល មើលទៅគួរឲ្យសង្វេគពន់ពេក។ នេះបើយោងតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

បើតាមអ្នកថតវីដេអូនេះបានឲ្យដឹងថា តាមរយៈវីដេអូនេះនឹងជួយដាស់តឿនដល់ប្រជាជន ក៏ដូចជាឲ្យប្រជាជនស្វែងយល់កាន់តែច្បាស់ ពីផលប៉ះពាល់នៃការចោលថង់ប្ទាស្ទិចចូលសមុទ្រ ដែលបង្កជាការបំពុលដល់ហ្វូងមច្ឆាជាច្រើន និងត្រូវតែមានការយកសំរាមទាំងនោះចេញពីសមុទ្រ ដើម្បីធានា នូវសុខភាពរបស់សត្វមានជីវិតច្រើនប្រភេទក្នុងសមុទ្រ និងបរិស្ថានសមុទ្រ។

បើយោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា សត្វរស់នៅក្នុងសមុទ្រជាង ១លាន និងថនិកសត្វចំនួន ១០០,០០០ក្បាល ត្រូវបានសម្លាប់ដោយសារការបំពុលបរិស្ថានសមុទ្រជារៀងរាល់ឆ្នាំ៕