(ប៉េកាំង)៖ នៅក្នុងថ្ងៃកំណើតអាយុ ៦៦ឆ្នាំ ប្រធានាធីបតីចិន ស៊ី ជីនពីង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនត្រូវបាន ប្រធានាធីបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន (Vladimir Putin) ធ្វើពិធីខួបកំណើត ដោយមានកាដូ និងនំខេកមួយ ដែលមានអក្សរជាភាសាចិន សម្រាប់លោកស៊ី ជីងពីង នៅមុនកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការ និងការកសាងជំនឿទុកចិត្តនៅអាស៊ី (CICA) នៅក្នុងទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ទូរទស្សន៍រដ្ឋ បានបង្ហាញរូបភាពរបស់លោក ស៊ី ជីនពីង និងលោក ពូទីន បានកាន់កែវស្រាសាំប៉ាញ ជល់កែវជាមួយគ្នា នៅឯសណ្ឋាគារស្នាក់នៅមួយកន្លែង ស្ថិតនៅទីក្រុង Dushanbe រដ្ឋធានីនៃប្រទេសតាជីគីស្ថាន ដែលជាកន្លែងមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំ។ ជាមួយគ្នានោះផងដែរ ពូទីន បាននិយាយពាក្យជូនពរសម្រាប់ថ្ងៃកំណើតអាយុ ៦៦ឆ្នាំរបស់ប្រធានាធិបតីចិន ជីនពីង។

ការពិភាក្សាអំពីការរស់នៅឯកជនរបស់មេដឹកនាំជាន់ខ្ពស់ គឺជារឿងកម្រណាស់នៅក្នុងប្រទេសចិន ហើយកាលបរិច្ឆេទកំណើតពិតប្រាកដរបស់មេដឹកនាំ ភាគច្រើនមិនត្រូវបានបង្ហាញជាសាធារណៈទេ ពីព្រោះត្រូវបានចាត់ទុកថាជាការសម្ងាត់របស់រដ្ឋ។

សូមជម្រាបថា កាលពីឆ្នាំ២០១៣ លោក ពូទីន ក៏ធ្លាប់បានជប់លៀងខួបកំណើតរបស់លោកជាមួយលោក ស៊ី ជីនពីង ដែលបានធ្វើឡើងនៅក្នុងថ្ងៃខួប ៦១ឆ្នាំនៅអំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕