(ភ្នំពេញ)៖ អាចនិយាយបានថា ​មិនមែនជារឿងថ្មី សម្រាប់តារាស្រីល្បីៗ ស្អាតៗ នៅក្នុងប្រទេសកម្ពុជានោះទេ ក្នុងករណីពើបប្រទះបុរសជាឪយ៉ែម ឬម៉ែយ៉ែម ទាក់ទងគូកជេរឲ្យទៅបុរសសំបូរទ្រព្យ ជាថ្នូរនឹងលុយដុល្លារទាំងដុំៗ។ ប៉ុន្តែបញ្ហាដ៏រសើប និងគ្មានជំនាញសមត្ថកិច្ចណាចាត់វិធានការបាននេះ មានតារាស្រីស្អាតៗមួយចំនួន ហ៊ានបញ្ចេញជាសាធារណៈ ចំណែកឯតារាស្រីខ្លះទៀត មិនហ៊ានបញ្ចេញជាសាធារណៈទេ ព្រោះខ្លាចបាត់បង់កិត្តិយស ប្រជាប្រិយភាព និងភ័យព្រួយពីសុវត្ថិភាពផ្ទាល់ខ្លួន ទើបចេះតែលាក់ៗទៅ។

សម្រាប់តារាសម្ដែងសាច់សរខ្ចី ដូចបណ្ដូលចេក ស្រីស្រស់ គីម ស៊ីវឡាម អាចនិយាយបានថា «ឆ្វាក់» នឹងរឿងរ៉ាវបែបនេះច្រើនជាងគេ ព្រោះតែសម្រស់ដ៏ទាក់ទាញរបស់នាង ​ខណៈដែលជាញឹកញយស្រីស្រស់រូបនេះ តែងតែត្រូវម៉ែ និងឪយ៉ែម ព្យាយាមទាក់ទងតាមឆាតហ្វេសប៊ុកលួងលោម ​ទៅឡើងលើគ្រែ ជាមួយបុរសចូលចិត្តជះដុល្លារទិញស្នេហ៍។ ប៉ុន្តែភាគច្រើន ក្រុមម៉ែយ៉ែមទាំងនោះ តែងតែ​រងនូវភាពអាម៉ាស់ ដោយសារស្នាដៃតារាតូចតន់រូបនេះ ជាច្រើនលើកច្រើនសារ​ ព្រោះតែ គីម ស៊ីវឡាម ​យកសារដែលគេទាក់ទងមកនោះ បង្ហោះលើបណ្តាញសង្គមជាសាធារណៈ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។

ជាការពិត កាលពីពេលថ្មីៗនេះ តារាសម្ដែងរូបនេះ ត្រូវបានបុរសម្នាក់ឆាតមកដោយផ្ទាល់ ហើយនិយាយត្រង់ៗ និងបានឲ្យថ្លៃនាងក្នុង១យប់ ៥០០ដុល្លារ ជាថ្នូរទៅគេង​ជាមួយបុរសអ្នកមានលុយម្នាក់។ ប៉ុន្តែត្រូវបាននាងប្រកែកថា «មិនរកស៊ីអ៊ីចឹងទេ ព្រោះនាងមានការងារល្អហើយ»។ ប៉ុន្តែបុរសដែលប្រើគណ​នីឈ្មោះ «Bong No» នៅតែព្យាយាមលួងលោមនាង ដោយអះអាងថា «ទៅស្រួលហើយ បានលុយទៀត រកឯណាបាន?»។ ​

​ដោយសារតែតារាសម្ដែងមានសម្រស់ផូរផង់ កញ្ញា គីម ស៊ីវឡាម ប្រកែកមិនទៅគេងជាមួយភ្ញៀវនោះ បុរសនោះស្រាប់តែដាក់មួយម៉ាត់ឱ្យនាងថា «ពីមុនធ្លាប់ទៅសោះ ឥឡូវមកធ្វើជាត្រឹមត្រូវអីណា»។ ដោយសារមិនអាចទ្រាំបាន ស្រីស្រស់ ស៊ីវឡាម ស្រាប់តែបង្ហាញសាគេបបួលឡើងគ្រែនោះ បង្ហោះជាសារធារណៈតែម្តង ធ្វើឲ្យអ្នក្មគាំទ្ររបស់នាង ជេរ​ឪយ៉ែម ដែលព្យាយាមលួងលោមនាងឲ្យទៅឡើងគ្រែ​ជាមួយគេនោះ យ៉ាងចាស់ដៃតែម្ដង។

កន្លងមក អ្នកចូលចិត្តតាមដានសកម្មភាពរបស់តារាខ្មែរ តែងតែសង្កេតឃើញថា ក្រៅពីតារាស្រីស្រស់កញ្ញា គឹម ស៊ីវឡាម នោះ ក៏មានតារាល្បីៗជាច្រើនទៀត ដែលត្រូវបានក្រុមឪយ៉ែម និងម៉ែយ៉ែមតាមរំខាន ក្នុងនោះ មានដូចជាស្រីស្អាត ជីជី, កញ្ញាតូតា, តារាទឹកភ្នែក​ នី មុនីនាថ និងគៀត សុវណ្ណាឡាង ជាដើម ដែលពួកគេអះអាងថា សុទ្ធតែច្រានចោលសំណើ សុំទៅញ៉ាំបាយ​ជាថ្នូរលុយធីបទាំងនោះ។

​សូមបញ្ជាក់ថា តារាសម្ដែង គីម ស៊ីវឡាម វិញ ត្រូវបានម៉ែយ៉ែមកាន់តែចាប់អារម្មណ៍​លើនាងខ្លាំង គឺក្រោយពេលដែលស្រីស្រស់រូបនេះ សម្តែង MV បទល្បីរបស់តារាចម្រៀង កែវ វាសនា ក្នុងបទ «កម្ម» និងក្នុង MV របស់តារាចម្រៀង ពេជ្រ ថាណា ក្នុងបទ «មានប្រពន្ធល្អមិនចេះថែ​»៕