(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជាបានរងបរាជ័យយ៉ាងដំណំ ក្រោមថ្វីជើងក្រុមជម្រើសជាតិ U-15 ចិន ដោយលទ្ធផល ៧-០ ក្នុងជំនួបមិត្តភាពលក្ខណៈដកស្រង់បច្ចេកទេសនៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន ល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកកក្កដា ឆ្នាំ២០១៩។

សម្រាប់ការប្រកួតមិត្តភាពលើកដំបូង ក្រោយការប្រមូលផ្ដុំរបស់ក្រុម U-15 កម្ពុជានេះ ក្រុមម្ចាស់ផ្ទះ មានឱកាសស្ដួចស្ដើងបំផុតក្នុងការគ្រប់គ្រងបាល់ និងបង្កើតឱកាសគ្រោះថ្នាក់ដល់ភាគីចិន ដ្បិតយុវជនកម្ពុជាមានមាឌចាញ់ប្រៀបក្រុម U-15 ចិន ដែលនាំឲ្យក្រុមភ្ញៀវមានឱកាសគ្រប់គ្រងបាល់ស្ទើរទាំងស្រុង។

ចំពោះគ្រាប់បាល់ជ័យជម្នះទាំង ៧គ្រាប់របស់ក្រុម U-15 ចិនខាងលើ គឺមាន ៣គ្រាប់កើតឡើងក្នុងតង់ទី១ និង ៤គ្រាប់ទៀតកើតឡើងនៅចុងតង់ទី២។ ប៉ុន្ដែយ៉ាងណាក្រុម U-15 កម្ពុជា ក៏បានព្យាយាមអស់ពីសមត្ថភាពដែរ ក្នុងការប្រកួតមិត្តភាពនេះ ខណៈគ្រូបង្វឹកលោក Inoue Kazunori ក៏មិនបានបន្ទោសកូនក្រុមខ្លួនដែរ។

គួរបញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្ដងទៀតនាថ្ងៃទី១៣ ខែកក្កដាស្អែក នៅកីឡដ្ឋាន RSN ដដែលនាម៉ោង ៥ល្ងាច។ នេះគឺជាការប្រកួតមិត្តភាពមួយ ដើម្បីដកស្រង់បច្ចេកទេស ពិសេសសម្រាប់ក្រុម U-15 កម្ពុជា ដែលត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ AFF U-16 Championship 2019 នៅប្រទេសថៃចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហាខាងមុខ៕