(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី១៥ ខែកក្កដានេះ បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ មួយព្រឹកពេញ នៅវិមានមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងជំរុញការងារសំខាន់ៗមួយចំនួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC រួមជាមួយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់ CAMSOC រួមទាំងវត្តមានថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោកបណ្ឌិត ថោង ខុន បានថ្លែងថា មកទល់ពេលនេះ CAMSOC បានសម្រេចការងារដោយជោគជ័យ សម្រាប់ផែនការ ៣ខែកន្លងមក ពិសេសគឺការរៀបចំលេខាធិការដ្ឋានរបស់ខ្លួន។ ម្យ៉ាងផែនការបញ្ជូនអត្តពលិក ទៅហាត់រយៈពេលវែងនៅបរទេស ក៏ត្រូវបានអនុវត្ត និងកំពុងត្រៀមបញ្ជូនអត្តពលិកជាបន្ដបន្ទាប់ ទៅតាមប្រទេសគោលដៅរួមមានចិន ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី និងហ្វីលីពីនជាដើម។

ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក៏បានបញ្ជាក់អំពីការពង្រឹងការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការអនុវត្តការងារឲ្យមានប្រសិទ្ធភាព ពិសេសពិធីបើក-បិទកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាគម្រោងបញ្ជូនមន្ដ្រីបច្ចេកទេសទៅធ្វើកម្មសិក្សាក្នុងស៊ីហ្គេម ២លើកចុងក្រោយនៅហ្វីលីពីន និងវៀតណាម ដើម្បីដកបទពិសោធន៍ ជុំវិញការធ្វើម្ចាស់ព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះផងដែរ។

ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍វឌ្ឍនាភាពរបស់គណៈកម្មការជំនាញនីមួយៗ ហើយសម្ដេចបានជំរុញឲ្យដំណើរលេខាធិការដ្ឋាន CAMSOC ឲ្យបានលឿន ដើម្បីបង្ហាញនូវយន្ដការ និងប្រសិទ្ធការងាររបស់ CAMSOC។ លើសពីនេះ សម្ដេចបានសង្កត់ធ្ងន់ថា ត្រូវមានការអភិវឌ្ឍជំនាញ តាមរយៈការសហការជាមួយក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិទៀតផង។

អ្វីដែលពិសេស អង្គប្រជុំបានសម្រេចបញ្ចូលនូវព្រឹត្តិការណ៍កីឡា ASEAN Para Games លើកទី១២ នាឆ្នាំ២០២៣ ពោលគឺបន្ទាប់ពីបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ តាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងកិច្ចប្រជុំ CAMSOC នៅថ្ងៃចន្ទនេះ៕