(ភ្នំពេញ)៖ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស គឺជាតារាស្រីពន្លកថ្មីមួយរូប ដែលមានប្រជាប្រិយភាពគួរសមក្នុងវិថីសិល្បៈ ព្រោះចូលមិនទាន់បានមួយឆ្នាំស្រួលបួសផង ត្រូវបានមហាជនចាប់អារម្មណ៍ និងស្គាល់ច្រើនទៅហើយ។ ទាំងនេះ អាចនិយាយបានថា តារាស្រីសិចស៊ី កញ្ញា រ៉ូស ពិតជាមានយុទ្ធសាស្ត្រពិសេស ក្នុងស្វែងរកប្រភពការងារ ទាំងខ្លួនមិនមានខ្សែ ឬបក្សពួក ធ្វើការខាងសិល្បៈទាល់តែសោះ។ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន បានបង្ហាញថា យុទ្ធសាស្ត្រ​ដែលធ្វើឲ្យនាងមានការងារសិល្បៈ និងឆាប់មានប្រជាប្រិយភាព គឺដោយសារមានការរាប់អានច្រើនជាមួយផលិតករ តាមរយៈការណាត់ជួបញ៉ាំអាហារជាមួយតែម្តង។

ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា រ៉ូស បាននិយាយថា បើនិយាយទៅ នាងគ្មានខ្សែរស្រឡាយអ្នកសិល្បៈទាល់ទេសោះ ហើយការដែល​ទទួលបានការងារសិល្បៈមមាញឹកខ្លាំងនោះ គឺដោយសារមានទំនាក់ទំនងល្អជាមួយផលិតករ ហើយក៏សាកសួរពីការងារសិល្បៈ និងធ្វើតេសសម្តែងតែម្តង ពេលដឹងពី​សមត្ថភាពអាចទទួលយកបាន ក៏ចូលសម្តែង ហើយចេះតែមានការងារជាបន្តបន្ទាប់។ នាងថា បន្ទាប់ពីបានស្គាល់ផលិតករហើយ ក៏ណាត់ជួបគ្នាចេញក្រៅញ៉ាំកាហ្វេ ឬ Dinner ជាដើម បើនិយាយទៅគឺព្យាយាមរក្សារមិត្តភាពជាមួយផលិតករ។ ទាំងនេះ គឺជាយុទ្ធសាស្ត្រការងារសិល្បៈរបស់រ៉ូស។

តារាស្រីសិចស៊ី រ៉ូស បានបន្តថា ភាគច្រើនផលិតករដែលនាងណាត់ជួប គឺនារី ហើយរាល់ពេលដែលធ្វើការណាត់ជួបជាមួយផលិតកររួចរាល់ គឺតែងតែធ្វើការសម្តែងសាក ដើម្បីឲ្យប្រាកដថាតួអង្គប្រភេទណា ដែលត្រូវនឹងនាង។ ភាគច្រើនផលិតករ ដែលនាងណាត់ជួប គឺនារី។ អ្វីដែលពិសេស គឺក្រោយពីធ្វើការសម្តែងសាករួច ដឹងតែបានសម្តែងតែម្តង ពោលគឺមិនធ្លាប់ធ្វើតេសធ្លាក់ ដោយផលិតករមិនទទួលឲ្យសម្តែងនោះទេ គឺតែងតែបានសម្តែងជាបន្តបន្ទាប់។

គួរជម្រាបការ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន មិនត្រឹមតែមានសម្ថតភាពផ្នែកសម្តែងភាពយន្តប៉ុណ្ណោះទេ នាងថែមទាំងមានទេពកោសល្យផ្នែកចម្រៀងផងដែរ។ តារាស្រីរូបនេះ មានសំនៀងពិរោះរណ្តំ ត្រូវចិត្តមិត្តយុវវ័យជាច្រើន ជាពិសេសពេលបកស្រាយចម្រៀងបែបមនោសញ្ចេតនាតែម្តង៕