(ភ្នំពេញ)៖ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងវិស័យសិល្បៈយ៉ាងល្បីល្បាញ និងនៅតែស្ថិតក្នុងក្រអៅបេះដូងប្រិយមិត្តប្រុសស្រីជានិច្ចផងដែរ ទោះបីជាបច្ចុប្បន្នមានតារាពន្លកថ្មី បានរះមកជាច្រើនក្តី។ រាល់ស្នាដៃចម្រៀងរបស់នាង ដែលស្ថិតក្រោមដំបូលហង្សមាស គឺចេញមកមានទស្សនិកជនគាំទ្រច្រើនតែម្តង។ ជាក់ស្តែង ថ្មីៗនេះនាងបានប្រមូលផ្តុំអារម្មណ៍​ នឹករឮក​ដល់​លោកឪពុកជាទីស្រឡាញ់ ដែល​បាន​លាចាកលោក​ទៅឆ្ងាយហើយ បង្កើតចេញជាចម្រៀងបែបកម្សត់មួយបទ ចំណងជើងថា «លោកពុកកម្សត់» បង្កប់នូវខ្លឹមសារជាច្រើន សឹងតែធ្វើឲ្យទស្សនិកជនដែលបានស្តាប់ហើយ ស្រក់ទឹកភ្នែកតាមអត្ថន័យចម្រៀង។

តាមរយៈការបញ្ចេញនូវបទថ្មីរបស់ខ្លួន បែបកម្សត់រំឮកដល់អ្នកមានគុណពេលនេះ អ្នកនាង ពេជ្រ សោភា បានបង្ហាញពីអារម្មណ៍សោកស្ដាយ ក្រោយពេលដែលភាពជោគជ័យរបស់ខ្លួន ទទួលបានដូចបំណងហើយ ប៉ុន្តែ​រឿង​ដ៏គួរ​ឱ្យ​ក្ដុកក្ដួល បែរជាលោកឪពុកជាទីស្រឡាញ់ លែងវត្តមាននៅលើលោកនេះ មិនបានឃើញភាពជោគជ័យរបស់ខ្លួនទៅវិញ។ អត្ថន័យចម្រៀងមួយបទនេះ ត្រូវបានគេដឹងថា ស្ដែង​ចេញ​ពីជីវិតពិត អារម្មណ៍​ពិត​ របស់ ពេជ្រ សោភា ព្រមទាំងធ្វើឱ្យមហាជនដែលបានស្ដាប់ រំជួលចិត្តសឹងស្រក់ទឹកភ្នែកទៅតាមទឹកដម​សំឡេងរបស់នាង បូករួម​ជាមួយនឹង​ចង្វាក់ភ្លេង​បែបកម្សត់ ក្នុងចម្រៀងមួយបទនេះ រហូតដល់មានទស្សនិកជនមួយចំនួន ដែលមានសាច់រឿងជីវិតដូចនឹងនាង ក៏ទប់អារម្មណ៍មិនបានដល់ថ្នាក់យំក៏មាន។

ទន្ទឹមគ្នានេះ ពេជ្រ សោភា បានបង្ហាញសារក្នុងចិត្តតាមរយៈបណ្តាញសង្គមយ៉ាងដូច្នេះថា «៥ឆ្នាំហើយ ១៥/០៧/២០១៩ ដែលពុកទៅចោលម៉ែនិងពួកខ្ញុំ ហេតុអីពុកមិនចាំមើលកូននៅថ្ងៃ កូនស្រីអាចធ្វើបានគ្រប់យ៉ាងហើយ តែចុងក្រោយកូនត្រូវបាត់ពុករហូតគ្មានថ្ងៃវិលវិញ ម៉ែនឹងកូនៗនឹកពុកគ្រប់គ្នា (លោកពុកកម្សត់)»

គួរបញ្ជាក់ថា ពេជ្រ សោភា បានប្រឡូកចូលក្នុងសិល្បៈតាំងពីឆ្នាំ ២០០៤ ដែលគិតមកដល់ពេលបច្ចុប្បន្ន មានរយៈពេល១៥ ឆ្នាំហើយ ដែលតារាស្រីរូបនេះ បានឈានជើងចូល វិថីសិល្បៈ តែនាងនៅតែអាចរក្សា បាន ប្រជាប្រិយភាព និងអាចឈរជើងនៅក្នុងសិល្បៈ ឲ្យកាន់តែល្បីល្បាញឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជា នាងធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ រហូតធ្លាក់ខ្លួនជាអ្នកមេម៉ាយ ដល់សព្វថ្ងៃនេះទៅហើយក្ដី៕