(ភ្នំពេញ)៖ តារាសម្ដែងកំពុងឡើងកូដស្រឺតៗ និងក៏អាចប្រឈមនូវព្យុះព័ត៌មានច្រើន លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានចេញមុខបំភ្លឺឲ្យមហាជនបានដឹងច្បាស់ បន្ទាប់ពីតារាសម្ដែងរូបនេះ បានទទួលរងមន្ទិលសង្ស័យពីសំណាក់​មហាជន ក៏ដូចជាអ្នកសិល្បៈដូចគ្នាថា លោកកំពុងតែមានជំងឺតួឯក ពោលគឺពិបាកនៅក្នុងការអញ្ជើញឲ្យចូលសម្ដែងដូចមុន ហើយទាល់តែទទួលបានតំណែងជាតួឯក ទើបលោកសម្ដែង។

ជាការពិត ក្រោយទទួលបានឱកាសសម្ដែង ក្នុងបទចម្រៀងជាច្រើន តារាសម្ដែងទម្រង់មុខកូនកាត់ លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ត្រូវគេកត់សម្គាល់ថា​ មានទីផ្សារគេទាក់ទងឲ្យសម្ដែងជាច្រើន ដោយមានការលើកឡើងថា តាំងពីបានឡើងកូដ លោកកើតជំងឺតួឯក ទទួលថតតែសាច់រឿងជាតួសំខាន់​ប៉ុណ្ណោះ។ យ៉ាងណាមិញ លោកបានឆ្លើយតបនឹងការលើកឡើងនេះ។

តារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានឆ្លើយបញ្ជាក់ថា លោកមិនដែលកើតជំងឺតួឯក ដោយប្រកាន់ជំហរសម្ដែងតែតួឯក ឬ​ទាល់តែតួសំខាន់ ទើបទទួលសម្ដែងនោះទេ ពោលគឺលោកសម្ដែងទាំងអស់ សំខាន់ឲ្យតែលោកមានពេល ហើយឈុតដែលទាក់ទងមកនោះ សមស្រប។ យ៉ាងណាមិញ លោកសារភាពថា សាច់រឿងដែលលោកទទួលសម្ដែង ក៏ត្រូវតែលោកពេញចិត្ត​ដែរ ដោយសារតែលោករស់នៅ និងបម្រើការនៅខេត្តបាត់ដំបង បើជ្រុលជាត្រូវទៅ​សម្ដែង ក៏ត្រូវតែចំសាច់រឿង ដែលជួយលើកមុខលើកមាត់ជាថ្នូរ​នឹងការទទួលសម្ដែង។

លោកនិយាយថា «ខ្ញុំមិនដែលប្រកាន់ខ្លួនថា ទាល់តែតួឯកបានលេងទេ ប៉ុន្តែបើសាច់រឿងខ្លះ គាត់ឲ្យយើងដើរតួតិចប្លង់ពេក ក៏ពិបាកទទួលថតដែរ ព្រោះខ្ញុំជាអ្នកឆ្ងាយ ត្រូវចំណាយច្រើន បើមកមួយជើង ដើម្បីតែចេញមុខមួយប្លង់ ក៏មិនអាចសម្ដែងបានដែរ»។

លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បន្តថា មួយរយៈចុងក្រោយ ពិតជាបានបដិសេធមិនសម្ដែង បទចម្រៀងមិនតិចបទទេ ដោយសារតែការទំនាក់ទំនងខ្លះ ទាក់ទងមកចំពេលលោកមិនអាចដកឃ្លា ពីការងារនៅធនាគារ ហើយសាច់រឿងដែលទាក់ទងមកខ្លះ ក៏ច្រើនតែជាសាច់រឿង មិនសូវស៊ីនឹងការចង់សម្ដែង។ លោកសម្ដែងអារម្មណ៍សោកស្ដាយ ដែលអត់បានទទួលសម្ដែងភាពយន្ត ដែលខាងផលិតករទាក់ទងមកទាល់តែសោះ ចាប់តាំងពីភ្ជាប់ពាក្យហើយ ដោយសារតែការសម្ដែងភាពយន្ត ត្រូវចំណាយពេលច្រើនថ្ងៃ មិនអាចឲ្យលោកសុំច្បាប់ការងារ។

លោកបន្តថា វាមិនទាក់ទងនឹងមិនបានសម្ដែងតួឯក ដូចការលើកឡើងនោះទេ។ លោកព្រលយថាការងារសិល្បៈ ទទួលតែថតបទចម្រៀងប៉ុណ្ណោះ ហើយបើបទចម្រៀងនោះ ផ្ដល់ឱកាសឲ្យលោកសម្ដែងជាតួឯក ឬជាតួសំខាន់ផង គឺទោះជាឲ្យសុំច្បាប់ការងារក៏លោកមិនស្ដាយ៕