(ភ្នំពេញ)៖ ស្ថិតក្នុងមន្ទីពេទ្យប្រទេសថៃ ដើម្បីព្យាបាលជំងឺដុះសាច់បំពង់ក តារាចម្រៀងប្រុស បញ្ញាសិទ្ធ និងម្តាយ បានធ្វើការសុំទោសលោក ឧកញ៉ា ឌួង ឆាយ ជាសាធារណៈតាមរយៈការ Live វីដេអូ តបតាមការស្នើរសុំពីភាគីសោនក្លឹប សុំឲ្យលោក បញ្ញាសិទ្ធ ចេញមុខបកស្រាយបញ្ហាចម្រូងចម្រាស រឿងជំពាក់លុយក្រុមហ៊ុនសោនក្លឹប និងឲ្យតារាប្រុសរូបនេះ សុំទោសដល់ក្រុមហ៊ុន បើមិនដូច្នេះទេនឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់។ ខណៈលោក បញ្ញាសិទ្ធ និយាយមិនកើត ដោយសារទើបតែវះកាត់បំពង់ក ម្តាយលោកបានធ្វើការសុំទោសក្រុមហ៊ុនសោនក្លឹបជំនួសកូន ដើម្បីបញ្ចប់រឿង និងសង្ឃឹមថា ឧកញ៉ា ឌួង ឆាយ ដែលជាម្ចាស់សោនក្លឹបយោគយល់ដោយក្តីអនុគ្រោះ។

ជាក់ស្តែង លោក បញ្ញាសិទ្ធ បានធ្វើការ Live វីដេអូ សុំទោសឧកញ៉ា ឌួង ឆាយ ជាសាធារណៈនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ព្រោះតែនិយាយមិនកើត ម្តាយរបស់ បញ្ញាសិទ្ធ បានធ្វើការបកស្រាយ ក៏ដូចជាសុំទោសលោក ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ជំនួសលោក បន្ទាប់ពី ឧកញ៉ា បានប្រតិកម្មលើការបកស្រាយរបស់ បញ្ញាសិទ្ធ កន្លងមក អំឡុងពេលរូបគេបានផុ្តល់បទសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលភាគីឧកញ៉ា ឌួង ឆាយ យល់ថាការបកស្រាយនោះខុសពីការពិត។

ម្តាយ បញ្ញាសិទ្ធ បាននិយាយថា ដោយកូនរបស់ខ្លួនបានធ្វើការបកស្រាយមិនសមរម្យកន្លងមក បណ្តាលឲ្យឧកញ៉ា ឌួង ឆាយ និងលោកជំទាវ មិនសប្បាយចិត្ត រហូតដល់ ប្រតិកម្មបង្ហោះសារលើហ្វេសប៊ុកនោះ ពេលនេះអ្នកស្រីបានចេញមកសុំទោសជំនួសកូន ហើយសុំឲ្យលោកឧកញ៉ាអនុគ្រោះ ដើម្បីបញ្ចប់រឿងគ្រប់យ៉ាងនៅពេលនេះ។ ចំពោះ បំណុលដែលជំពាក់នោះ កូនរបស់ខ្លួនបានធ្វើការសងរួចរាល់អស់ហើយ តាំងពីត្រឡប់មកពីអូស្ត្រាលីម្ល៉េះ។ ដូច្នេះតាមរយៈការ Live វីដេអូនេះ ម្តាយ បញ្ញាសិទ្ធ និងលោក បានលើកដៃសំពះ បង្ហាញពីការគោរព និងសុំទោសឧកញ៉ា ឌួង ឆាយ ពីចម្ងាយ ហើយសង្ឃឹមថា ឧកញ៉ា មិនប្រកាន់ ហើយអនុគ្រោះរាល់កំហុសដែលកើតមានកន្លងមក។

គួរជម្រាបថា បច្ចុប្បន្នតារាចម្រៀងប្រុសលោក បញ្ញា សិទ្ធ កំពុងសម្រាកព្យាបាលជំងឺដុះសាច់បំពង់កនៅមន្ទីពេទ្យប្រទេសថៃ ដោយមានម្តាយនៅមើលថែរ។ ទោះនិយាយ ស្តីមិនកើត តែលោកបានទទួលស្គាល់រាល់កំហុសដែលកើតមានឡើងកន្លងមក ជាមួយសោនក្លឹប ហើយបានសុំទោសតាមការស្នើសុំរបស់សោនក្លឹប ដោយសង្ឃឹមថា រឿងចម្រូងសម្រាសគ្រប់យ៉ាងនឹងប្រែមកប្រសើរឡើងវិញ ក្រោយការបកស្រាយនេះ៕