(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ PNN បានប្រារព្ធពិធីអបអរសាទរ ខួបគម្រប់៤ឆ្នាំរបស់ខ្លួន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីតាំងអគារព្រីមៀរសែនសុខ ក្រោមវត្តមានថ្នាក់ដឹកនាំ សិល្បករ-សិល្បការិនី បុគ្គលិក ដៃគូពាណិជ្ជកម្ម និងភ្ញៀវជាតិ-អន្តរជាតិ ជាច្រើននាក់ ក្នុងបរិយាការយ៉ាងសប្បាយរីករាយ។

​លោកឧកញ៉ា លី ឈូកឆៃ អគ្គនាយក​ទូរទស្សន៍ភីអិនអិន បានថ្លែងថា អំឡុងពេល៤ឆ្នាំ ផ្តើមតាំងពីដំណើរការផ្សាយសាកល្បង លើកដំបូងនាឆ្នាំ២០១៥ រហូតបច្ចុប្បន្នទូរទស្សន៍ PNN ទទួលបានការគាំទ្រ និងការសហការ​យ៉ាងកក់ក្តៅ ពីសំណាក់ដៃគូរសហការ​ជាច្រើន ទម្រាំអាចទទួលបានលទ្ធផលវិជ្ជមាន មានភាពជោគជ័យដូចបច្ចុប្បន្ន។ វត្តមានរបស់​​លោក លោកស្រី ចំថ្ងៃនៃការប្រារព្ធពិធីគម្រប់ខួប៤ឆ្នាំ ជាភស្ថុតាងយ៉ាងសំខាន់មួយ បញ្ជាក់អំពីទំនុកចិត្ត និងការជឿជាក់របស់អ្នកឧបត្ថម្ភគាំទ្រទាំងអស់ មកលើយុទ្ធសាស្ត្ររបស់ PNN ជាទូរទស្សន៍ឈានមុខមួយ ដែលតម្កល់ប្រយោជន៍របស់អតិថិជន និងទស្សនិកជនរបស់ខ្លួនជាអទិភាពចម្បង។

លោកឧកញ៉ាបន្តថា អរគុណដល់ដៃគូពាណិជ្ជកម្ម និងអតិថិជនគ្រប់មជ្ឈដ្ឋាន ដែលនៅតែបន្តជួយជ្រោមជ្រែង ​រក្សានូវចំណងទំនាក់ទំនងល្អ និងផ្តល់ឱកាសឱ្យ PNN បានបំពេញការងាររបស់ខ្លួនបានពេញទំហឹង ក្នុងការផ្សព្វផ្សាយស្លាកសញ្ញា និងគុណភាពនៃផលិតផល ព្រមទាំងសេវាកម្មរបស់ភ្ញៀវ គ្រប់រូបជូនប្រជាពលរដ្ឋក្រុមក្រុមគោលដៅ ប្រកបដោយប្រសិទ្ធភាព។ តាមរយៈការទំនុកបម្រុងរបស់គ្រប់ភាគីពាក់ព័ន្ធ ទើប PNN បានរឹងមាំរហូតសព្វថ្ងៃ ​ហើយអាចរក្សាបាននូវកិត្តិនាម ជាស្ថាប័នទូរទស្សន៍​ដែលឈានមុខគេទាំងផ្នែកព័ត៌មាន សិល្បៈកម្សាន្ត កីឡា ភាពយន្តបរទេស និងភាពយន្តក្នុងស្រុកប្រកបដោយ គំនិតច្នៃប្រឌិតបង្កើតថ្មី ឈានដល់ការអភិវឌ្ឍន៍កម្មវិធីផ្សាយ រហូតអាចបន្ថែមការចាក់ផ្សាយនូវកម្មវិធីល្បីៗលំដាប់ ពិភពលោកបានថែមទៀត។

​សូមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ ដ៏សំខាន់ប្រចាំឆ្នាំ២០១៩ គឺពិធីគម្រប់ខួប៤ឆ្នាំរបស់ខ្លួន ស្ថានីយទូរទស្សន៍ PNN ដែលមានឈ្មោះពេញ ​«People National Network» ឬបណ្តាញ​ជាតិប្រជាជន នៅតែប្តេជ្ញាបន្តរក្សានូវគោលដៅ ​លើការតម្កល់ផលប្រយោជន៍របស់អតិថិជន និងទស្សនិកជនជាអទិភាពដដែល ដោយផ្តោតលើការចូលរួម និងការច្នៃប្រឌិតឆ្ពោះ ទៅរក​ភាពរុងរឿងរីកចម្រើនរួមគ្នា៕